(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃម៉ោង ៣៖០០នាទីរសៀលថ្ងៃសុក្រនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាស្ដីពីការបាញ់សាកល្បងមីស៊ីល ផ្លោងលើកចុងក្រោយរបស់កូរ៉េខាងជើង។ កិច្ចប្រជុំនេះធ្វើឡើងតាមសំណើពីភាគីជប៉ុន និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមបាញ់មួយគ្រាប់ នៅម៉ោង ៦៖៥៧នាទីព្រឹក ថ្ងៃសុក្រនេះ (ពេលវេលានៅសេអ៊ូល) ពីតំបន់ ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយរត់បានចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ ហើយបានហោះរំលងពីលើដែនអាកាស នៃកោះហុកកៃដូ មុននឹងធ្លាក់នៅចម្ងាយប្រហែលជា ២,០១៥គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្ទែទនឹ្ទមគ្នា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) គិតថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះ គឺជាមីស៊ីលឆ្លងទ្វីប ICBM។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចចិត្តអនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយ ដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង សម្រាប់ការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើក០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា។ ដំណោះស្រាយលេខ ២៣៧៥នេះ ក៏មានរួមបញ្ចូលផងដែរ នូវការហាមឃាត់លើការនាំចេញផលិតផលវាយណភ័ណ្ឌ ក៏ដូចជាការរឹតបន្តឹងការជួលកម្មករកូរ៉េខាងជើង នៅឯបរទេសជាដើម៕