(បាកដាដ)៖ មកទល់ព្រឹកថ្ងៃសុក្រនេះ​មនុស្សរហូតដល់ ៨៣នាក់ ហើយបានស្លាប់ និង ៩៣នាក់​ រងរបួស​នៅក្នុង​​សកម្មភាព​​វាយ​​ប្រហារដោយ​បំផ្ទុះរថយន្ត​ និងបាញ់រះ​នៅក្បែរ​ទីក្រុង ណាស្រ៊ីយ៉ាហ៍ (Nasriyah) ក្នុងខេត្ត ឌីការ (Dhi Qar) ភាគខាងត្បូង​ប្រទេសអ៊ីរ៉ាក់ កាល​ពី​​ម្សិល​មិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ប្រធាននាយកដ្ឋាន​សុខាភិបាលប្រចាំខេត្ត​ខាងលើបានប្រាប់ឲ្យដឹងថា «តួលេខនៃ​ចំនួនអ្នករងគ្រោះ​ចុងក្រោយបំផុត ដោយ​សារហេតុការណ៍​វាយប្រហារ​ដោយបំផ្ទុះរថយន្ត និងបាញ់រះ​នៅតំបន់ ហ្វាដាក់ (Fadak) ក្នុងខេត្ត Dhi Qar បានកើនដល់ ៨៣នាក់ស្លាប់​ និង ៩៣នាក់របួស ស្របពេល​ដែលមនុស្ស​ជាច្រើននាក់ទៀត ក្នុង​ចំណោមនោះ​កំពុងស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរខ្លាំង»។

សកម្មភាព​ពាក់ព័ន្ធគ្នា​ទាំងពីរករណី បានកើតឡើងនៅ​ពេលដែលខ្មាន់​កាំភ្លើងមួយក្រុម​បានសម្រុក​ចូលវាយ​​ប្រហារទៅ​លើ​អាហារដ្ឋាន​មួយកន្លែង ក្នុងតំបន់ Fadak ភាគខាងលិច​ក្រុង Nasriyah ដែលនៅប្រមាណ ៣៧៥គីឡូម៉ែត្រ ភាគខាងត្បូង​នៃ​ទីក្រុងបាកដាដ ខណៈរថយន្តបង្កៃ​គ្រាប់បែកមួយគ្រឿង ត្រូវបានគេបំផ្ទុះ​នៅប៉ុស្តិ៍ត្រួតពិនិត្យ​មួយកន្លែង នៅមិនឆ្ងាយប៉ុន្មាន​​ពី​អាហារដ្ឋាន ដែលបានរង​ការវាយប្រហារ។

ក្រោយមកក្នុង​ថ្ងៃដដែល ក្រុមភេរវករ ISIS បានចេញ​មុខអះអាង តាមបណ្តាញសារព័ត៌មាន​របស់ខ្លួនថា ជាអ្នកនៅពីក្រោយ​ខ្នង​នៃទង្វើនេះ៕