(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ បានចេញសេចក្ដីព្រមានកូរ៉េខាងជើង បន្ទាប់ពីរដ្ឋកុម្មុយនីស្ដមួយនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ហោះរំលងពីជប៉ុន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើតេស្ដលើកចុងក្រោយនេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់ពន្លិចជប៉ុនឱ្យបាត់ចេញពីផែនទីពិភពលោក និងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាផេះ សម្រាប់ការគំាទ្រដាក់ទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មានភា្លមៗ ក្រោយត្រឡប់មកពីឥណ្ឌា លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «កូរ៉េខាងជើងគួរតែយល់ឱ្យច្បាស់ថា ខ្លួននឹងមិនមានអនាគតភ្លឺស្វាងឡើយបើនៅតែបន្ត ដើរលើផ្លូវដូចសព្វថ្ងៃ... ហើយជប៉ុនក៏នឹងមិនអត់ឱនឱ្យការបង្ករឿង ម្ដងហើយម្ដងទៀតបែបនេះជាដាច់ខាត ខណៈការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនៅថ្ងៃនេះ បង្ហាញកាន់តែច្បាស់ថា សហគមន៍អន្តរជាតិត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ អនុវត្តន៍ទណ្ឌកម្ម UN យ៉ាងហ្មត់ចត់ ប្រឆាំងកូរ៉េខាងជើង»។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងរយៈចំងាយមធ្យមរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញកាលពីម៉ោង ៦៖៥៧នាទីព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅសេអ៊ូល) ពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ហើយវាបានហោះទៅភាគខាងកើតក្នុងចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ ហើយបានហោះរំលងពីលើដែនអាកាសជប៉ុន។ ក្រោយមកមីស៊ីលមួយគ្រាប់នោះក៏បាន ធ្លាក់នៅចម្ងាយប្រហែល ២,០១៥គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕