(សេអ៊ូល)៖ កូរ៉េខាងជើងបានចេញមុខគំរាមពីសកម្មភាពធ្ងន់ៗថែមទៀត ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលវាគឺជាការព្រមានមួយ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីខ្លួនបានផ្លោងមីស៊ីលបាលីស្ទីក (Ballistic) មួយគ្រាប់ រំលងពីលើប្រទេសជប៉ុនសាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
នាព្រលឹមថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ទំនងជាប្រភេទរយៈចម្ងាយមធ្យម ចេញពីរដ្ឋធានីព្យុងយ៉ាង ដែលសកម្មភាពបង្កហេតុជាថ្មីនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ក្នុងនោះមានទាំងចិន និងរុស្ស៊ី បានសម្រេចជាឯកច្ឆ័ន្ទដាក់ទណ្ឌកម្មថ្មីទៀត មកលើរបបដឹកនាំដ៏រឹងទទឹង និងគគ្លើនមួយនេះកាលពីថ្ងៃអង្គារកន្លងទៅ។
ក្រោយពីបាញ់មីស៊ីលហោះកាត់ប្រទេសជប៉ុនហើយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានលើកឡើងក្នុងបទវិចារណកថារបស់ខ្លួនថា «ប្រសិនបើអាមេរិក នៅតែបន្តដើរលើផ្លូវបច្ចុប្បន្ននេះទៀត យើងនឹងចាត់វិធានការធ្ងន់ខ្លាំងជាងមុនថែមទៀត សម្រាប់ការពារខ្លួនរបស់យើង។ ម៉្យាងវិញទៀត សហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខជាមួយធាតុពិតជាក់ស្តែងដ៏ក្រៀមក្រំ រហូតសម្រេចបោះបង់ចោល គោលនយោបាយឈ្លានពានរបស់ខ្លួន មកលើទីក្រុងព្យុងយ៉ាង។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន គួរតែធ្វើការសម្រេចចិត្តឲ្យបានល្អិតល្អន់ និងត្រឹមត្រូវ ដើម្បីដកខ្លួនចេញពីបញ្ហានៅតំបន់ឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងខាងលើរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញកាលពីម៉ោង ៦៖៥៧នាទីព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅសេអ៊ូល) ពីតំបន់ ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ហើយវាបានហោះទៅភាគខាងកើតក្នុងចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ ហើយបានហោះរំលងពីលើដែនអាកាសជប៉ុន។ ក្រោយមកមីស៊ីលមួយគ្រាប់នោះ ក៏បានធ្លាក់នៅចម្ងាយប្រហែល ២,០១៥គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុនទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕