(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អគ្គីភ័យមួយបានឆាបឆេះសាលារៀនមួយកន្លែង ក្នុងរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាសិស្សសាលា ដែលស្នាក់នៅក្នុងសាលារៀននោះ៕
២៖ បេសកកម្មនៃកែវយឺតអវកាស Kepler របស់អង្គការ NASA ឬហៅថា K2 ទើបតែប្រកាសអំពីការរកឃើញភពថ្មីៗចំនួន ០៣ គោចរនៅជុំវិញព្រះអាទិត្យមួយ ដែលមានចម្ងាយ ៩៧ឆ្នាំពន្លឺពីភពផែនដីរបស់យើង ហើយវាត្រូវបានចាត់បញ្ចូលជាភពប្រភេទ «Super Earth» មានតែទំហំធំជាងភពផែនដី ប៉ុន្តែតូចជាភពណិបទូន៕
៣៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បាននិយាយថា ប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សជាតិ ហើយលោកក៏បានអំពាវនាវផងដែរឱ្យមីយ៉ាន់ម៉ាបញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងនឹងជនជាតិដើមភាគតិចមួយនេះ៕
៤៖ កូរ៉េខាងជើងបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរបាញ់ពន្លិចជប៉ុនឱ្យបាត់ចេញពីផែនទីពិភពលោក និងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាផេះ សម្រាប់ការគាំទ្រដំណោះស្រាយដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិប្រឆាំងទីក្រុងព្យុងយ៉ាង៕
៥៖ រុស្ស៊ី និងបេឡារុសចាប់ផ្តើមការធ្វើសមយុទ្ធយុទ្ធសាស្រ្តរួមគ្នា ដែលមានការចូលរួមពីកងទ័ពប្រមាណ ១២,៧០០នាក់ មកពីប្រទេសទាំងសងខាង៕
៦៖ មន្រ្តីប៉ូលិសការពារព្រំដែនថៃម្នាក់បានស្លាប់ និង១៨នាក់ផ្សេងបានទទួលរងរបូសធ្ងន់-ស្រាល បន្ទាប់ពីគ្រាប់បង្កៃចំនួន០៣គ្រាប់ ត្រូវបានគេបំផ្ទុះបន្តបន្ទាប់គ្នេ នៅខេត្តយ៉ាឡា (Yala) ភាគខាងត្បូង ប្រទេសថៃនាថ្ងៃព្រហស្បតិ៍នេះ៕