(វ៉ាស៊ីនតោន)៖ អតីតសមាជិកកងកម្លាំងម៉ារីនពិសេសអាមេរិក SEAL លោក ហ្សកកូ វាលលីង (Jocko Willink) បាននិយាយថា ដើម្បីដោះស្រាយវិបត្តិ ឬក៏ចង់ឱ្យរបបដឹកនាំ លោក គីម ជុងអ៊ុន ដួលរលំ គេមិន ចាំបាច់ប្រើប្រាស់កម្លាំងយោធានោះទេ ឱ្យតែអាចបញ្ជូនទូរស័ព្ទដៃស្មាតហ្វូនដូចជា I phone ឬក៏ Wifi ទៅដល់ដៃប្រជាជនកូរ៉េខាងជើង ប៉ុន្តែការចង់សម្រេចគោលបំណងនេះ អាចត្រឹមតែ ជាសុបិន្តដ៏វែងអន្លាយមួយតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business Insider ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅលើបណ្ដាញ Twitter ជុំវិញសំណួរថា គេគួរតែដោះស្រាយវិបត្តិកូរ៉េខាងជើងតាមរបៀបណា? លោក Jocko Willink បានលើកឡើងយ៉ាងដូច្នេះថា «ផ្ដល់ iPhone ២៥លានគ្រឿងដល់ ពួកគេ (ប្រជាជនកូរ៉េខាងជើង) និងឱ្យពួកគេប្រើប្រាស់ Wifi ដោយសេរី... នៅពេលនោះ លោក គីម ជុងអ៊ុន នឹងដឹងថា សង្គមកូរ៉េខាងជើងនឹងបើកជំហរ រីឯប្រជាជនកូរ៉េខាងជើងនឹងបានដឹងថា ពួកកំពុងបាត់បង់អ្វី ហើយពេលប្រជាជនកូរ៉េខាងជើងទទួលបានព័ត៌មានត្រឹមត្រូវ នោះរបបដឹកនាំទីក្រុងព្យុងយ៉ាងនឹងមិន មាននិរន្តភាពឡើយ ឬអាចនឹងដួលរលំនៅថ្ងៃណាមួយក៏ថាបាន»។
គួរបញ្ជាក់ថា ដើម្បីឱ្យកូរ៉េខាងជើងស្ថិតនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូលគីម បានយូរអង្វែង របបដឹកនាំទីក្រុងព្យុងយ៉ាង បានបិទព័ត៌មានលោកខាងលិចមិនឱ្យដល់ដៃប្រជាជនកូរ៉េខាងជើងឡើយ ហើយថែមទាំងបង្គាប់ឱ្យប្រជាជនរបស់ខ្លួនស្ដាប់ ឬទទួលដំណឹងតែពីបណ្ដាញសារព័ត៌មានរដ្ឋ៕