(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគីបានសម្ដែងការស្វាគមន៍ ដែលសភាអ៊ីរ៉ាក់បានបោះឆ្នោតជំទាស់នឹងគំរោងរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីប្រកាសឯករាជ្យរបស់ប្រជាជនឃើដ ហើយថែម ទាំងព្រមានដែរថា ការចចេសដំណើរការគំរោងនេះ នឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងសាកសម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសតួកគីបានលើកឡើងយ៉ាងដូច្នេះថា «យើងបានឃើញជំហររឹងទទឹង នៃមេដឹកនាំអ៊ីរ៉ាក់ឃើដ ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតប្រជាមតិ។ រីឯសេចក្ដីថ្លែងការណ៍របស់ពួកគេក៏បង្កើនក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរ... ប៉ុន្តែពួកគេគួរតែដឹងឱ្យច្បាស់ថា ការប្រកាន់គោលជំហររឹងទទឹងនេះ នឹងត្រូវ តបស្នងមកវិញនូវតម្លៃមួយយ៉ាងសាកសម... ដូច្នេះយើងអំពាវនាវឱ្យពួកគេធ្វើសកម្មភាពប្រកបដោយសុឆន្ទៈ និងបោះបង់ចោលវិធីសាស្ត្រខុសឆ្គងបែបនេះជាបន្ទាន់»។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីរ៉ាក់ឃើដ លោក Massoud Barzani បានបញ្ជាក់កាលពីថ្ងៃពុធថា ឃើដបានប្ដេជ្ញាចិត្តថា នឹងរៀបចំការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យពីព្រោះវាគឺជា «សិទ្ធិធម្មជាតិ»។ «បើ សិនជានរណាម្នាក់ចង់ព្យាយាមបំផ្លាញឆន្ទៈរបស់ប្រជាជនឃើដ ដោយកម្លាំងយោធា ឱ្យពួកគេសាកល្បងធ្វើវាចុះ តែខ្ញុំសូមប្រាប់ថា ឃើដបានត្រៀមលក្ខណៈរួចជាស្រេចការពារខ្លួនឯង»។ នេះបើតាមសម្តីព្រមានតបវិញរបស់ លោក Massoud Barzani។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ សភាអ៊ីរ៉ាក់បានអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ប្រើប្រាស់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារឯកភាពជាតិអ៊ីរ៉ាក់ ឆ្លើយតបទៅនឹងការបោះឆ្នោតប្រជាមតិ ប្រកាសឯករាជ្យរបស់ឃើដ តាមការគ្រោងទុកនៅថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ។ ម្យ៉ាងវិញទៀត មិនមែនមានតែអ៊ីរ៉ាក់ទេដែលជំទាស់ សូម្បីតែស៊ីរីជាពិសេសគឺតួកគី ក៏បានប្រឆាំងដាច់ខាតនឹងការបោះឆ្នោត ប្រជាមតិនេះដែរ ត្បិត ទីក្រុងអង់ការ៉ាខ្លាចក្រែងក្រុមសកម្មប្រយុទ្ធឃើដមានឥទ្ធិពលកាន់តែខ្លាំង នៅភាគអាគ្នេយ៍នៃប្រទេស ជាទីដែលមនុស្សជិត ៤០,០០០នាក់ បានស្លាប់ដោយសារជម្លោះរវាងក្រុមអ្នកប្រយុទ្ធឃើដ និងកងកម្លាំងតួកគី អស់រយៈពេលជាងបីទសវត្សរ៍មកនេះ៕