(ម៉ូស្គូ)៖ រុស្ស៊ី និងបេឡារុស ចាប់ផ្តើមការធ្វើសមយុទ្ធយុទ្ធសាស្រ្តរួមគ្នា ដែលមានការចូលរួមពី កងទ័ពប្រមាណ ១២,៧០០នាក់ មកពីប្រទេសទាំងសងខាង។ នេះបើការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងយោធាសរុបចំនួន ១២,៧០០នាក់ ក្នុងនោះ ៧,២០០នាក់ មកពីប្រទេសបេឡារុស និង ៥,៥០០នាក់ មកពីប្រទេសរុស្ស៊ីរួមទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ៧០គ្រឿង ក៏ដូចជាបរិក្ខាយោធាប្រមាណ ៦៨០គ្រឿងទៀត រួមមានទាំងរថក្រោះប្រហែល ២៥០គ្រឿង, កាំភ្លើងយន្ត-កាំភ្លើងត្បាល់-ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២០០គ្រឿង, និងនាវាចម្បាំង ១០គ្រឿង កំពុងតែចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំនេះ។
គួរបញ្ជាក់ថា សមាជិកមួយចំនួននៃអង្គការ NATO រួមទាំងអ៊ុយក្រែន បានលើកឡើងពីក្តីកង្វល់ជាខ្លាំង ចំពោះសមយុទ្ធយោធានេះ ខណៈរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានអះអាងកាលពីសប្តាហ៍មុនថា នឹងមានកងទ័ពដល់ទៅជាង ១០០,០០០នាក់ចូលរួម ដែលការអះអាងបែបនេះនាំអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ចេញមុខទាត់ចោលភ្លាមៗ៕