(តូក្យូ)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់ពន្លិចជប៉ុនឱ្យបាត់ចេញពីផែនទីពិភពលោក និងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាផេះស្ថិតក្នុងពិភពដ៏ខ្មៅ ងងឹត សម្រាប់ការគាំទ្រដំណោះស្រាយដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិប្រឆាំងទីក្រុងព្យុងយ៉ាង។ ប៉ុន្តែនេះមិនមែនជាការគំរាមលើកទីមួយ របស់ទីក្រុងព្យុងយ៉ាងនោះទេ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានទាំងចិន និងរុស្ស៊ី ជាខ្នងបង្អែកដ៏ធំរបស់កូរ៉េខាងជើង បានសម្រេចចិត្តអនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើក០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា។ ដំណោះស្រាយលេខ ២៣៧៥ នេះក៏មានរួមបញ្ចូលផងដែរ នូវការហាមឃាត់លើការ នាំចេញផលិតផលវាយនភណ្ឌ ក៏ដូចជាការរឹតបន្តឹងការជួលកម្មករកូរ៉េខាងជើង នៅឯបរទេសជាដើម ក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលរបស់របបដឹកនាំ លោក គីម ជុងអ៊ុន។
ដោយឡែកជុំវិញទណ្ឌកម្មនេះដែរ ស្ថានីយ៍ទូរទស្សន៍កូរ៉េខាងជើង KCNA តាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយគណៈកម្មាធិការដើម្បីសន្តិភាពកូរ៉េ អាស៊ី ប៉ាស៊ីហ្វិក បានព្រមានដូច្នេះថា «ជប៉ុនមិនចាំបាច់មានវត្តមាននៅក្បែរយើងទៀតនោះទេ ហើយកោះទាំងបួនរបស់ពួកគេ គួរតែត្រូវបានបាញ់ពន្លិចចូលទៅក្នុងសមុទ្រដោយគ្រាប់បែក នុយក្លេអ៊ែររបស់យើង»។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានហៅការអត្ថាធិប្បាយរបស់កូរ៉េខាងជើងថា ជាចេតនាបង្ករឿងទាំងស្រុង។ «បើសិនជាកូរ៉េខាងជើងនៅតែបន្តប្រកាន់ឥរិយាបថបែបនេះ នោះខ្លួននឹងកាន់តែឯកោខ្លាំងឡើងពីពិភពលោក... តាមរយៈការអនុវត្តន៍ការដាក់ទណ្ឌកម្មថ្មី នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ សហគមន៍អន្តរជាតិទាំងមូលចាំបាច់ ជាអតិបរាម៉ាដាក់សម្ពាធលើកូរ៉េខាងជើង រហូតទាល់រដ្ឋកម្មុយនីស្ដមួយនេះ ផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន»។ នេះបើតាមសម្ដីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga)៕