(ហាណូយ)៖ បុរសវៀតណាម២នាក់ ដែលជាប់ទោសប្រហារជីវិត បានរត់គេចចេញពីពន្ធនាគារមួយកន្លែង ស្ថិតក្នុងរដ្ឋធានីហាណូយ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
ជនឈ្មោះ ង្វៀន វ៉ាន់ធិញ (Nguyen Van Tinh) អាយុ ២៨ឆ្នាំ មកពីហាណូយ កាលពីថ្ងៃខែមេសាឆ្នាំនេះ ត្រូវបានតុលាការវៀតណាមផ្តន្ទាទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន រីឯឈ្មោះ ឡេ វ៉ាន់ ថូ (Le Van Tho) អាយុ ៣៧ឆ្នាំ មកពីខេត្ត ហៃដុង (Hai Duong) កាលពីខែឧសភា បានទទួលទោសប្រហារជីវិតដូចគ្នា ក្រោមបទល្មើសរត់ពន្ធគ្រឿងញៀន, មនុស្សឃាត, និងឆបោកយកទ្រព្យសម្បត្តិអ្នកដទៃ។
គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសទីក្រុងហាណូយ កំពុងតាមប្រមាញ់ទណ្ឌិតឈ្មោះ Tho និង Tinh ដែលកាលពីថ្ងៃទី១១ ខែកញ្ញានេះ បានហែកគុកចេញពីពន្ធនាគារ T16 ស្ថិតក្នុងសង្កាត់ ថាញ់កៃ (Thanh Qai) នៃរដ្ឋធានីប្រទេសវៀតណាម៕