(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បាននិយាយថា ប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សជាតិ ហើយលោកក៏បានអំពាវនាវផងដែរឱ្យមីយ៉ាន់ម៉ា បញ្ឈប់ប្រតិបត្តិការយោធាប្រឆាំង នឹងជនជាតិដើមភាគតិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Antonio Guterres ចាត់ទុកថា ការវាយប្រហារពីសំណាក់យោធាមីយ៉ាន់ម៉ា លើភូមិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា គឺជារឿងមិនអាចទទួលយកបានទាំងស្រុង។ អគ្គលេខាធិការមិនសូវមានទឹកមាត់ប្រៃរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រ៉ូហ៊ីងយ៉ា កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សជាតិ ដោយពួកគេជិត ៣៨០,០០០នាក់ បានរត់ភៀសខ្លួន (ពីរដ្ឋរ៉ាឃីន) ទៅកាន់បង់ក្លាដែស... ពួកគេកំពុងរស់នៅក្នុងជំរកស្នាក់នៅបណ្ដោះអាសន្ន ឬជាមួយសហគមន៍ដែលបានចែករំលែកនូវអ្វីដែលពួកគេមាន។ ប៉ុន្តែស្ត្រី និងកុមារជាច្រើននៅតែបន្តមកដល់ក្រោមស្ថានភាពស្រេកឃ្លាន និងខ្វះអាហារូបត្ថម្ភ... ដូច្នេះខ្ញុំអំពាវនាវឱ្យមីយ៉ាន់ម៉ាបញ្ឈប់ប្រតិបត្តិការយោធា ព្រមទាំងអំពើហិង្សាប្រឆាំងនឹងរ៉ូហ៊ីងយ៉ា និងគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន»។
ដោយឡែក នៅពេលសួរថាតើស្ថានភាពនៅក្នុងរដ្ឋរ៉ាឃីន គឺជាអំពើបោសសំអាតជនជាតិភាគតិច ឬក៏យ៉ាងណា? លោក Guterres បានអះអាងថា ខណៈប្រជាជនរ៉ូហ៊ីងយ៉ា មួយភាគបីរត់គេចចេញពីប្រទេស តើអ្នកគិតទេថាអ្នកអាចរកពាក្យប្រសើរជាងនេះ មកពិព័រណនាស្ថានភាពបច្ចុប្បន្ន។
តែទោះជាយ៉ាងក៏ដោយ រដ្ឋាភិបាល និងយោធាមីយ៉ាន់ម៉ា បានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយ ហើយអះអាងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងជាមួយពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាប៉ុណ្ណោះ មិនមានគោលដៅលើជនស៊ីវិលឡើយ។ ម្យ៉ាងវិញអ្វីដែលរដ្ឋាភិបាល បាននិងកំពុងធ្វើ គឺដើម្បីការពារប្រជាជនគ្រប់រូបនៅក្នុងរដ្ឋរ៉ាឃីន ពីពួកភេរវករ៕