(រ៉ង់ហ្គូន)៖ មន្ត្រីមីយ៉ាន់ម៉ាម្នាក់បានឱ្យដឹងថា អនុប្រធានាធិបតីទីពីររបស់មីយ៉ាន់ម៉ា លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) នឹងទៅចូលរួមសម័យប្រជុំលើកទី ៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅក្នុងទីក្រុងញូយ៉ក ហើយការប្រកាសនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ទីប្រឹក្សារដ្ឋលោកស្រី អោងសាន ស៊ូជី បានលុបចោលគំរោងចូលរួមកិច្ចប្រជុំនេះ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
លោកស្រី អោងសាន ស៊ូជី បានលុបចោលគំរោងចូលរួមកិច្ចប្រជុំ UNGA ដោយបញ្ជាក់ថា លោកស្រីជាប់រវល់ដោះស្រាយកិច្ចការនៅក្នុងស្រុក ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយមនុស្សធម៌ ទៅកាន់ប្រជាជន (រ៉ូហ៊ីងយ៉ា) ដែលកំពុងរត់គេចចេញពីជម្លោះនៅក្នុងរដ្ឋរ៉ាឃីន ស្ថិតនៅភាគខាងជើងនៃប្រទេស ព្រមទាំងការគ្រប់គ្រងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ឡើងវិញ។
ជាងនេះទៅទៀត បើតាមការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី នឹងថ្លែងសារទៅកាន់ប្រជាជាតិរបស់លោកស្រី នៅថ្ងៃទី១៩ ខែកញ្ញានេះ ដោយឈរលើមូលដ្ឋានការផ្សះផ្សាជាតិ និងសន្តិភាព ខណៈលោកស្រីផ្ទាល់កំពុងប្រឈមមុខនឹងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទិននឹងវិបត្តិជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនទៅប្រទេសបង់ក្លាដែស សរុបជិត ៤០០,០០០នាក់ទៅហើយ៕