(សេអ៊ូល)៖ កូរ៉េខាងត្បូងបានអះអាងថា ខ្លួនចាប់បានសញ្ញានៃសារធាតុវិទ្យុសកម្ម xenon gas ចេញពីការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីដើមខែកញ្ញា ខណៈមកទល់ ពេលនេះទីក្រុងសេអ៊ូលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា ការធ្វើតេស្ដនេះជាគ្រាប់បែកអ៊ីដ្រូសែន ដូចទីក្រុងព្យុងយ៉ាង បានប្រកាសប្រាប់ពិភពលោកនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមគណកម្មការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរកូរ៉េខាងត្បូង សារធាតុវិទ្យុសកម្ម xenon ត្រូវបានគេរកឃើញនៅភាគឦសាន នៃប្រទេសជាមួយស្លាកស្នាម xenon-133 isotope មិនមែនកើតឡើងតាមបែបធម្មជាតិនោះទេ។ គណកម្មការមួយនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងលំបាកក្នុងការស្វែងរកថា តើការធ្វើតេស្ដអាវុធនុយក្លេអ៊ែរនេះ មានថាមពលកំរិតណាឱ្យប្រាកដ ជាមួយសារធាតុវិទ្យុសកម្ម Xenon ប៉ុន្តែ យើងអាចនិយាយបានថា Xenon ពិតជាសាយភាយមកពីកូរ៉េខាងជើង»។
គួរបញ្ជាក់ថា Xenon គឺជាឧស្ម័នធម្មជាតិគ្មានពណ៌ ដែលត្រូវបានគេប្រើប្រាស់ក្នុងការផលិតកាំរស្មីពន្លឺ។ ប៉ុន្តែការរកឃើញសារធាតុ xenon-133 គឺជាសារធាតុវិទ្យុសកម្មមិនមែនកើតឡើងពីធម្មជាតិទេ ហើយវាមានចាប់ពាក់ព័ន្ធនឹងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ របស់កូរ៉េខាងជើងកាលពីថ្ងៃទី០៣ ខែកញ្ញា៕