(ផ្លូរីដា)៖ មនុស្សចាស់មានវ័យចន្លោះពី ៧១ឆ្នាំ ដល់ ៩៩ឆ្នាំ ចំនួន០៨នាក់ បានស្លាប់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង ដែលគ្មានអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនថ្ងៃមកនេះ នៅក្នុងរដ្ឋផ្លូរីដាហើយដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារតែព្យុះ ហឺរីខិន អឺម៉ា (Hurricane Irma) កើនដល់ ២៥នាក់ និង ៤០នាក់នៅក្នុងតំបន់ការីបៀន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ អាជ្ញាធរប៉ូលិសកាលពីថ្ងៃពុធ បានសម្រេចចិត្តជម្លៀសមនុស្ស ១១៥នាក់ ចេញពីផ្ទះថែទាំមនុស្សចាស់នេះ ដែលគ្មានអគ្គិសនីសម្រាប់ម៉ាស៊ីនត្រជាក់ ព្រមទាំងបើកការស៊ើបអង្កេតជាបន្ទាន់ផងដែរ។ ចំណែកឯ អភិបាលតំបន់ Broward County លោក បារបារ៉ា ហ្សារីហ្វ (Barbara Sharief) បានបញ្ជាក់ថា មនុស្ស០៣នាក់បានស្លាប់ នៅក្នុងផ្ទះថែទាំមនុស្ស ចាស់ឈ្មោះ Hollywood Hills ហើយមនុស្ស ០៥នាក់ ផ្សេងទៀតស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា ព្យុះ Hurricane Irma បានបណ្ដាលឱ្យប្រជាជនប្រមាណជា ១០លាននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋផ្លូរីដា, ចរជា (Georgia) និង ខារ៉ូលីណាទាំងពីរ (Carolinas)។ ព្យុះ Hurricane Irma បានមកដល់ប្រជុំកោះភាគខាងត្បូងរដ្ឋផ្លូរីដា កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យកន្លងទៅ (ពេលវេលានៅតំបន់រងគ្រោះ) ក្នុងនាមជាព្យុះកម្រិតទី ០៤ ដ៏ខ្លាំងក្លាជាមួយឥទ្ធិពលខ្យល់បក់ជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រោយមកវាបានបន្តឆ្ពោះទៅភាគខាងជើង ដោយនាំយកទឹកភ្លៀងធ្លាក់យ៉ាងជោគជាំ និងខ្យល់បក់សន្ធប់ឆ្លងកាត់ទីក្រុង ចេកសុនវាល (Jacksonville) នៃរដ្ឋផ្លូរីដា រួចទៅកាន់រដ្ឋ Georgia និង South Carolina៕