(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើងបានសន្យាថា ទីក្រុងព្យុងយ៉ាង នឹងបង្កើនសមត្ថភាពយោធាទ្វេដង ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលខ្លួនចាត់ទុកថា ជាដំណោះស្រាយ «ឃោរឃៅ» ហើយថា ការដាក់ទណ្ឌកម្មផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិកនេះ បានបញ្ជាក់យ៉ាងច្បាស់ថា របបដឹកនាំលោក គីម ជុងអ៊ុន កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើងបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងនឹងបង្កើនសមត្ថភាពយោធាទ្វេដង ដើម្បីការពារដែនអធិបតេយ្យភាព និងសិទ្ធិ ស្វ័យភាពរបស់ខ្លួន ព្រមទាំងចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដោយបង្កើតតុល្យភាពជាមួយសហរដ្ឋអាមេរិក»។ បន្ថែមពីលើនេះ ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានចាត់ទុកដែរថា ដំណោះស្រាយ UN មានលក្ខណៈឃោរឃៅ និងខុសច្បាប់ ហើយថាវាមានតែធ្វើឱ្យទីក្រុងព្យុងយ៉ាង កាន់តែប្រាកដនៅក្នុងចិត្តថា ខ្លួនកំពុងដើរលើផ្លូវត្រូវ និងត្រូវតែដើរ រហូតដល់សម្រេចបំណង។
គួររំលឹកថា កាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានទាំងចិន និងរុស្ស៊ីជាខ្នងបង្អែកដ៏ធំរបស់កូរ៉េខាងជើង បានសម្រេចចិត្តអនុម័តជាឯកច្ឆ័នលើដំណោះស្រាយ ដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើក០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា។ ដំណោះស្រាយលេខ ២៣៧៥នេះ ក៏មានរួមបញ្ចូលផងដែរការ ហាមឃាត់លើការនាំចេញផលិតផលវាយណភ័ណ្ឌ ក៏ដូចជាការរឹតបន្តឹងការជួលកម្មករកូរ៉េខាងជើង នៅឯបរទេសជាដើម ក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលរបស់របបដឹកនាំ លោក គីម ជុងអ៊ុន៕