(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើង​ គឺជាមនុស្សមានចរិកលក្ខណៈ​ភាគច្រើន ដូចគ្នានឹង​ប្រជាជនដទៃ​រស់នៅក្នុង​ទ្វីបអាស៊ី ដោយពួកគេ​មានគោលដៅ និងការងារ​របស់ពួកគេ ពោលគឺមិនដូចទាំងស្រុង​ទៅនឹងអ្វី​ ដែលប្រព័ន្ធផ្សព្វផ្សាយ​លោកខាងលិច​បានចុះផ្សាយនោះ​ឡើយ។ នេះគឺជាសម្ដី​មគ្គុទេសទេសចរណ៍​ជនជាតិ​ស៊ែប៊ី លោក ហ្វីលីព មីឡូសាវហ្សេវីច (Filip Milosavljevic) ដកស្រង់​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍ជាមួយ Sputnik បន្ទាប់ពីបាន​ធ្វើដំណើរទៅកាន់​ទីក្រុងព្យុងយ៉ាង លោក Filip Milosavljevic បានកត់​សម្គាល់យ៉ាងដូច្នេះថា «នៅក្នុងប្រវត្តិសាស្ត្រ​សម័យទំនើប នេះគឺជា​ដំណើរកម្សាន្តទេសចរណ៍លើកទីមួយ របស់ប្រជាជនក្នុង​តំបន់បាល់កង់ ទៅកាន់ប្រទេស​កូរ៉េខាងជើង ដែលនៅឯកោ​ពីពិភពលោក... ក៏ប៉ុន្តែពេលយើង​ស្ថិតនៅទីនោះ (កូរ៉េខាងជើង) យើងមិនបាន​ឃើញអ្វីអាក្រក់​ហួសហេតុ ដូចដែលគេបាន​និយាយ​នោះទេ។ មួយវិញទៀត នៅពេលយើង​សាកសួរពីស្ថានភាព​នយោបាយ ប្រជាជនកូរ៉េខាងជើង​ក៏មិនសូវជាចាប់​អារម្មណ៍ដែរ ហើយនៅពេល​សួរពី​កូរ៉េខាងត្បូង និងកូរ៉េខាងជើង​ពួកគេឆ្លើយថា មិនដែលនិយាយ​ពីប្រទេសទាំងពីរ​ឡើយ ដោយពួកគេគិតថា កូរ៉េគឺជាប្រទេស​តែមួយ»។

គួរបញ្ជាក់ថា បើតាមបណ្ដា​ប្រព័ន្ធផ្សព្វផ្សាយ​លោកខាងលិចមួយចំនួន កូរ៉េខាងជើងគឺ​ជាប្រទេសរំលោភ​សិទ្ធិសេរីភាព និងសិទ្ធិមនុស្ស​ធ្ងន់ធ្ងរបំផុត ហើយគិតតែពី​អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ មិនខ្វល់ពីជីវភាព​រស់នៅប្រជាជនខ្លួន រហូតដល់មាន​អ្នកខ្លះសឹងតែគ្មាន​អ្វីទទួលទាន រីឯអ្នកមានជីវភាព​ធូរធាមានតែ​នៅក្នុងទីក្រុងព្យុងយ៉ាង​ប៉ុណ្ណោះ៕