(គូឡាឡាំពួរ)៖ អគ្គីភ័យមួយបានកើតមានឡើងទៅលើសាលារៀនមួយកន្លែង ក្នុងរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង បានបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាសិស្សសាលា ដែលស្នាក់នៅទីសាលារៀននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
មន្ត្រីពន្លត់អគ្គីភ័យរបស់ម៉ាឡេស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក The Star យ៉ាងដូច្នេះថា «យោងតាមព័ត៌មាននាដំណាក់កាលនេះ សិស្ស និងគ្រូបង្រៀនសរុប ២៥នាក់ បានបាត់បង់ជីវិត»។ ពុំទាន់មានព័ត៌មានបញ្ជាក់អំពីមូលហេតុ ដែលបានបង្កជាគ្រោះអគ្គីភ័យនេះឡើយ ប៉ុន្តែក្រុមពន្លត់អគ្គីភ័យក្នុងទីក្រុងបានបង្ហាញក្តីព្រួយបារម្ភ ចំពោះប្រព័ន្ធសុវត្ថិភាពនៃសាលារៀនសាសនាឯកជនជាច្រើនផ្សេងទៀត៕