(ហាណូយ)៖ អាជ្ញាធរខេត្ត Quang Ninh ភាគខាងជើង រហូតដល់ខេត្ត Khanh Hoa ភាគកណ្តាលប្រទេសវៀតណាម នាថ្ងៃស្អែកនឹងធ្វើការហាមឃាត់ កប៉ាល់-នាវាផ្សេងៗ មិនឲ្យចេញដំណើរទៅកាន់ផ្ទៃសមុទ្រនោះឡើយ ដើម្បីចៀសពីព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលកំពុងឆ្ពោះមករកប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
បណ្តាខេត្តតាមបណ្តោយឆ្នេរសមុទ្រទាំងនេះ ក៏នឹងធានាឲ្យបាននូវប្រតិបត្តិការយ៉ាងរលូន ចំពោះទីតាំងសម្រាប់ឲ្យកប៉ាល់ ក៏ដូចជានាវាទាំងអស់ចូលសំចតផងដែរ នៅមុនពេលដែល Doksuri ជាព្យុះត្រូពិកទី ១០ និងខ្លាំងជាងគេបំផុត នៅក្នុងតំបន់សមុទ្រចិនខាងកើត គិតចាប់តាំងតែពីដើមឆ្នាំ២០១៧នេះមក។ មួយវិញទៀត ថ្នាក់ដឹកនាំវៀតណាម ក៏បានណែនាំដល់ខេត្តដែលនៅតំបន់ភ្នំភាគខាងជើងប្រទេស ឲ្យទទូចប្រជាពលរដ្ឋ នៅតាមតំបន់ដែលងាយនឹងរងគ្រោះទឹកជំនន់ រួមទាំងគ្រោះរអិលបាក់ដី ឲ្យស្ថិតនៅឆ្ងាយពីតំបន់ទាំងនេះ សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខថែមទៀតផង។
គិតត្រឹមវេលាម៉ោង ៧៖០០នាទី នាព្រឹកថ្ងៃព្រហស្បតិ៍ស្អែក ព្យុះ Doksuri ត្រូវគេព្យាករណ៍ថា នឹងមកដល់ចម្ងាយ ៣២០គីឡូម៉ែត្រ ភាគអាគ្នេយ៍ខេត្ត Nghe An រហូតដល់ Ha Tinh ជាមួយកម្លាំងខ្យល់បក់ នៅក្បែរចំណុចកណ្តាលរបស់វាមានល្បឿនពី ១៣០ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរជម្រាបបន្ថែមផងដែរថា គ្រោះមហន្តរាយធម្មជាតិ ពិសេសព្យុះត្រូពិក, ទឹកជំនន់, គ្រោះរអិលបាក់ដី, បានផ្តាច់យកជីវិត ឬក៏ធ្វើឲ្យមនុស្សបាត់ខ្លួនសរុប ១១៦នាក់ និងបានបង្កការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ ៥,៦៤០ពាន់លានដុង (២៥០លានដុល្លារ) ក្នុងអំឡុងពេល ០៨ខែដំបូង នៃឆ្នាំ២០១៧នេះ។ នេះបើតាមអគ្គនាយករដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម៕