(អាមេរិក)៖ កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Apple បានបង្ហាញវត្តមានទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួន នៅឯមហោស្រព Steve Job Threater សហរដ្ឋអាមេរិក ដោយក្នុងនោះរួមាន iPhone 8 និង iPhone 8 Plus រួមទាំងស្មាតហ្វូនដ៏ថ្មីសន្លាងមួយផ្សេងទៀត សម្រាប់អបអរគម្រប់ខួប ១០ឆ្នាំរបស់ iPhone នោះគឺ iPhone X ដែលហៅថា «iPhone Ten» ហើយវាក៏នឹងដាក់លក់នៅអង់គ្លេសផងដែរ ក្នុងតម្លៃ ៩៩៩ផោន ឬ ១,៣៣០ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
សម្រាប់ទីផ្សារអង់គ្លេសវិញ គឺ iPhone 8 និង 8 Plus នឹងត្រូវលក់នៅថ្ងៃទី២២ ខែកញ្ញា ហើយសម្រាប់ iPhone X នឹងត្រូវដាក់លក់នៅថ្ងៃទី០៣ ខែវិច្ឆិកា។ ចំពោះ iPhone 8 និង iPhone 8 Plus ពុំសូវមានលក្ខណៈខុសប្លែកពី iPhone 7 និង iPhone 7 Plus នោះឡើយ ដោយគ្រាន់តែ មានការបន្ថែមសមត្ថភាពតិចតួចប៉ុណ្ណោះ ដូចជា កាមេរ៉ា, សំបកខ្លួនស្រោបដោយកញ្ចក់ ដើម្បីសម្រួលដល់ការសាកថ្មឥតខ្សែ (Wireless Charge), សាកថ្មបានលឿនជាងមុន (ពី០ដល់៥០ភាគរយក្នុងពេល ៣០នាទី)។
ដោយឡែកសម្រាប់ iPhone X វិញនោះ ត្រូវបាន Apple ធ្វើការរចនាខុសប្លែកពីជំនាន់មុនៗ ដោយមានលក្ខណៈគួរឲ្យកត់សម្គាល់ជាងគេបំផុត ត្រង់ផ្ទៃអេក្រង់របស់វា ដែលមានឈ្មោះថា Edge-To-Edge Display (មានគែមអេក្រង់តែនៅផ្នែកខាងលើរបស់ទូរស័ព្ទសម្រាប់ផ្ទុកកាមេរ៉ា និង Sensor ផ្សេងៗ) ប្រភេទជា OLED (Super Retina Display) ដែលដំបូងបំផុត ត្រូវបានបំពាក់នៅលើ iPhone។ ស្រ្គីនរបស់វាមានទំហំដល់ទៅ ៥.៨អ៊ីញ តែតួខ្លួនទាំងមូលតូចជាង iPhone 8 Plus ដែលមានអេក្រង់ទំហំត្រឹម៥.៥អ៊ីញ ហើយវាមាន Resolution ២៤៣៦x១១២៥ ភិចសែល ឬ 2K។
iPhone X ពុំមានប៊ូតុង Home សម្រាប់ស្គែនក្រយៅដៃ ឬក៏ Touch ID ទៀតឡើយ ដោយក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់ជំនួសមកវិញនូវបច្ចេកវិទ្យាថ្មីដ៏ទំនើបហៅថា Face ID។ Face ID នឹងត្រូវប្រើប្រាស់សម្រាប់ស្គែនផ្ទៃមុខរបស់យើងជាលក្ខណៈ 3D ដើម្បីដោះសោរទូរស័ព្ទ និងដើម្បីធ្វើការផ្ទៀងផ្ទាត់ការទូទាត់ការចំណាយផ្សេងៗ បានយ៉ាងរហ័សទាន់ចិត្ត។
តួខ្លួនរបស់ iPhone X ក៏ត្រូវស្រោបដោយកញ្ចក់ សម្រាប់ការប្រើប្រាស់ Wireless Charging ហើយអាចសាកថ្មចាប់ពេញដូចទៅនឹង iPhone 8 និង 8 Plus ដែរ។ ក្រៅពីនេះ វាមានមុខងារគួរឲ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀត រួមមាន AR (Augmented Reality និង Animoji ជាដើម)។ នៅក្នុង iPhone X មានបំពាក់បន្ទះឈីបជំនាន់ថ្មី A11 Bionic ដូចទៅនឹង iPhone 8 និង 8 Plus តែខ្លាំងជាង ហើយថ្មរបស់វាកាន់បានយូរជាង iPhone 7 ពីរម៉ោងបើតាមការអះអាងរបស់ Apple។
សម្រាប់កាមេរ៉ាភ្លោះផ្នែកខាងក្រោយរបស់វា គឺមានសមត្ថភាពបន្ថែមស្រដៀងទៅនឹង iPhone 8 Plus ដែរ ក្នុងចំណោមនោះគឺ អាចថតវីដីអូក្នុងកម្រិត 4K ជាមួយ 60fps បាន និងមានមុខងារ Portait Lighting ហើយមានភ្ជាប់ជាមួយមុខងារ AR ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ ៧មេហ្គាភិចសែល អាចប្រើមុខងារ 3D Tracking និងថតរូប Selfie ឲ្យព្រាល Background ខាងក្រោយបានថែមទៀតផង។
គួរបញ្ជាក់ថា iPhone 8 និង 8 Plus មានជម្រើសបីពណ៌ ប្រផេះក្រមៅ (Space Grey), សឬប្រាក់ (Silver), និងមាស (Gold) មានតម្លៃ ៦៩៩ដុល្លារ សម្រាប់ iPhone 8 និង ៧៩៩ដុល្លារ សម្រាប់ iPhone 8 Plus (តម្លៃនៅអាមេរិក) ហើយអាចដាក់ឲ្យកុម្មង់បានចាប់ពីថ្ងៃទី១៥ ខែកញ្ញា ពោលគឺចុងសប្តាហ៍នេះ ហើយចាប់ផ្តើមបញ្ជូនឲ្យអតិថិជននៅថ្ងៃទី២២ ខែដដែល។ រីឯ iPhone X (ពីរពណ៌ Space Grey និង Silver) មានតម្លៃចាប់ពី ៩៩៩ដុល្លារ (តម្លៃអាមេរិក) អាច Pre Order នៅថ្ងៃទី២៧ ខែតុលា និងដឹកជញ្ជួនឲ្យអតិថិជននៅថ្ងៃទី០៣ ខែវិច្ឆិកា។ សម្រាប់ iPhone 8, 8 Plus, និង X មានអង្គផ្ទុកទិន្នន័យពីរប្រភេទគឺ៦៤ជីហ្គាបៃ និង ២៥៦ជីហ្គាបៃ ហើយតម្លៃវាក៏ខុសគ្នាទៅតាមនោះដែរ៕