(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅឯសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន និងហុចដៃស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការបណ្តាក់ទុនវិនិយោគជាច្រើនថែមទៀត ពីសំណាក់ប្រជាជាតិអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនជួបពិភាក្សាជាមួយលោក រ៉ាហ្សាក់ នៅសេតវិមាន លោក ដូណាល់ ត្រាំ បានប្រាប់ថា «យើងនឹងជជែកពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំធេងមែនទែន»។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានបន្ថែមថា ប្រទេសរបស់លោក នឹងទិញយន្តហោះ Boeing ធុន 737 ចំនួន ២៥គ្រឿង Boeing Dreamliner ធុន 787 ចំនួន ០៨គ្រឿង ហើយអាចនឹងទិញ Boeing 737 បន្ថែម ២៥គ្រឿងទៀត នាពេលអនាគតយ៉ាងខ្លីខាងមុខ។ ដូច្នេះក្នុងរយៈពេល ០៥ឆ្នាំ កិច្ចព្រមព្រៀងដ៏ធំនេះ នឹងមានតម្លៃប្រមាណ ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា មេដឹកនាំប្រទេសអាស៊ានរូបនេះ ក៏បានសន្យាអំពីការវិនិយោគទុនបន្ថែមប្រមាណ ០៣ ទៅ ០៤ ពាន់លានដុល្លារបន្ថែម ពីសំណាក់មូលនិធិសោធននិវត្តន៍ម៉ាឡេស៊ីដ៏ធំមួយ ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក ខណៈលោក ត្រាំ ក៏បានកោតសរសើរចំពោះគោលជំហររឹងមាំរបស់ លោក រ៉ាហ្សាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នៅម៉ាឡេស៊ីផងដែរ៕