(សិង្ហបុរី)៖ អតីតប្រធានសភា លោកស្រី ហាលីម៉ាហ៍ រ៉ាកូប (Halimah Yacob) ត្រូវបានប្រកាសតែងតាំងជា ប្រធានាធិបតីសិង្ហបុរីស្ត្រីដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រ នៅក្នុងចំណោមបេក្ខជន ០៤នាក់ ផ្សេងទៀត នៅថ្ងៃពុធនេះ បន្ទាប់ពីឯកសារតែងតាំងរបស់លោកស្រី ត្រូវទទួលស្គាល់ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅឯការិយាល័យនាយកដ្ឋានកិច្ចការបោះឆ្នោត លោកស្រី Halimah Yacob បានលើកឡើងយ៉ាងដូច្នេះថា «បើទោះបីជាការបោះឆ្នោតនេះ គឺជាការបោះឆ្នោតបម្រុងក៏ដោយ ក៏ប៉ុន្តែខ្ញុំមិនមែនជា ប្រធានាធិបតីបម្រុងនោះទេ ហើយខ្ញុំគឺជាប្រធានាធិបតីសម្រាប់ប្រជាជនសិង្ហបុរីទាំងអស់គ្នា។ ជាងនេះទៅទៀត យើងចាំបាច់ត្រូវប្រកៀកស្មាគ្នាទៅវិញទៅមក... យើងមិនទាន់ឈានដល់ ចំណុចកំពូលនៅឡើយទេ តែខ្ញុំស្នើឱ្យយើងទាំងអស់គ្នាផ្ដោតសំខាន់លើភាពស្រដៀងគ្នា ដែលយើងមាន មិនមែនផ្ដោតសំខាន់លើភាពខុសគ្នាឡើយ»។
គួរបញ្ជាក់ថា លោកស្រី Halimah Yacob នឹងក្លាយជាប្រធានាធិបតីសិង្ហបុរីជាស្ត្រី និងជនជាតិម៉ាឡេស៊ីដំបូងគេបំផុតក្នុងរយៈពេល ៤៧ឆ្នាំមកនេះ។ លោកស្រីនឹងស្បថចូលកាន់តំណែងក្នុង នាមជាប្រធានាធិបតីសិង្ហបុរីទី ០៨ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នាម៉ោងប្រមាណ ៦៖០០នាទីល្ងាច (ម៉ោងក្នុងតំបន់) នៅឯវិមានប្រធានាធិបតី Istana៕