(ម៉ានីល)៖ ក្រុមអ្នកតំណាងរាស្រ្តនៃប្រទេសហ្វីលីពីន បានបោះឆ្នោតអនុម័តការផ្តល់កញ្ចប់ថវិកាត្រឹមតែ ១,០០០ប៉េសូ ដែលស្មើនឹងលុយ ២០ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់គណៈកម្មាធិការសិទ្ធិមនុស្ស ដែលកំពុងធ្វើការស៊ើបអង្កេត ទៅលើសង្រ្គាមប្រយុទ្ធនឹងឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ចម្រូងចម្រាស និងបង្ហូរឈាមរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ការកាត់បន្ថយកញ្ចប់ថវិកាដល់កម្រិតយ៉ាងទាបបែបនេះ សម្រាប់គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានគាំទ្រដោយសំឡេង ១១៩ ទល់នឹង ៣២ នៅក្នុងសភាហ្វីលីពីន ដោយប្រធានសភាលោក ផាន់តាឡេអន អាល់វើរែស (Pantaleon Alverez) បានចាត់ទុកគណៈកម្មការនេះថា ឥតបានការ។ លោក Alverez បានបន្តថា «បើសិនជាអ្នកចង់ការពារសិទ្ធិរបស់ឧក្រិដ្ឋជននោះ ទៅយកកញ្ចប់ថវិកាអ្នក ពីពួកឧក្រិដ្ឋជនទាំងអស់នោះទៅ»។ ក៏ប៉ុន្តែជុំវិញរឿងនេះ ក្រុមអ្នករិះគន់បានលើកឡើងថា វាគឺជាការដាក់ពិន័យ ចំពោះគោលជំហរប្រឆាំងរបស់គណៈកម្មការសិទ្ធិមនុស្សហ្វីលីពីន ទៅលើយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់ លោក ឌូតឺតេ។
គួរបញ្ជាក់ថា ពីដំបូងឡើយគណៈកម្មការខាងលើ ដែលបាននិងកំពុងតែស៊ើបអង្កេតលើ ការស្លាប់នៃមនុស្សរាប់ពាន់នាក់ ចាប់តាំងតែពីលោក ឌូតឺតេ បានចាប់ផ្តើមយុទ្ធនាការកាលពីពាក់កណ្តាលឆ្នាំមុនមកនោះ បានដាក់សំណើស្នើសុំឲ្យសភាផ្តល់កញ្ចប់ថវិកាចំនួន ១.៧២ពាន់លានប៉េសូ (៣៤លានដុល្លារ) សម្រាប់ឆ្នាំ២០១៨ ក៏ប៉ុន្តែរដ្ឋាភិបាលបានស្នើមកវិញ ទាបជាងពាក់កណ្តាលនៃចំនួននេះ។ ហើយនាពេលនេះ សភាក៏បានសម្រេចកាត់បន្ថយមកនៅត្រឹម ២០ដុល្លារតែម្តង ធៀបទៅនឹងឆ្នាំ២០១៧ ដែលមានកញ្ចប់ថវិកាចំនួន ៧៤៩លានប៉េសូ (ជិត១៥លានដុល្លារ)៕