(ប៉េកាំង)៖ មជ្ឈមណ្ឌលឧតុនិយមចិននៅថ្ងៃពុធនេះ បានសម្រេចចិត្តបន្តប្រកាសសញ្ញាអាសន្នពណ៌ទឹកក្រូច (កម្រិតខ្ពស់ បន្ទាប់ពីពណ៌ក្រហម) ដដែល ខណៈខ្យល់ព្យុះទីហ្វុង តាលីម (Talim) ត្រូវបានគេរពឹងថា នឹងវាយប្រហារលើ តំបន់ឆ្នេរភាគអាគ្នេយ៍ប្រទេសចិន នៅក្នុងថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមមជ្ឈមណ្ឌលឧតុនិយមចិន នៅម៉ោង ៥៖០០នាទី ព្រឹកមិញនេះ ឥទ្ធិពលនៃព្យុះ Talim ដែលជាព្យុះទីហ្វុងទី១៨ ក្នុងឆ្នាំ២០១៧នេះ គឺស្ថិតនៅភាគពាយ័ព្យមហាសមុទ្រប៉ាស៊ីហ្វិក ចំងាយ ៧៦០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ខេត្ត ហ្សេជាំង (Zhejiang) ជាមួយនឹងល្បឿនខ្យល់ ៣៨ម៉ែត្រក្នុងមួយវិនាទី ហើយព្យុះទីហ្វុងនេះ អាចនឹងបន្តធ្វើដំណើរពីភាគនិរតី ក្នុងល្បឿនខ្យល់ ២០គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រខេត្ត Zhejiang។
គួរបញ្ជាក់ថា អាជា្ញធរចិនក៏បានចេញសេចក្ដីប្រកាសអាសន្ន កម្រិតពណ៌ទឹកក្រូចជាថ្មីឡើងវិញផងដែរ ហើយថែមទាំងព្រមានដែរថា ខ្យល់ព្យុះ Talim អាចនឹងបំលែងខ្លួនទៅជាព្យុះទីហ្វុងកម្រិតធ្ងន់ (super typhoon) ជាមួយល្បឿនខ្យល់បក់ ៥២ម៉ែត្រក្នុងមួយវិនាទី ព្រមទាំងអាចនឹងវាយប្រហារលើតំបន់ឆ្នេរខេត្ត Zhejiang នៅថ្ងៃព្រហស្បតិ៍ ឬព្រឹកថ្ងៃសុក្រនេះសប្ដាហ៍នេះ៕