(រ៉ង់ហ្គូន)៖ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានសម្រេចលុបចោលគម្រោងចូលរួម និងថ្លែងសុន្ទរកថារបស់លោកស្រី នៅឯមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) លើកទី៧២ ក្នុងខែនេះ ដោយសារតែនៅជាប់ដៃជាប់ជើង នឹងបញ្ហារវាងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងរដ្ឋាភិបាលតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ដំណឹងនេះ ត្រូវបានធ្វើឡើងដោយអគ្គលេខាធិការ នៃវិមានប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ ស ហាតាយ (U Zaw Htay) កាលពីយប់ថ្ងៃអង្គារម្សិលមិញ។ បើតាមការឲ្យដឹងរបស់ លោក Htay អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ ហេរី វ៉ាន់ ធីអូ (U Henry Van Thio) នឹងត្រូវអញ្ជើញទៅចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំអន្តរជាតិនេះ និងធ្វើការថ្លែងសុន្ទរកថា ជួសមុខឲ្យប្រទេសមីយ៉ានម៉ា នាថ្ងៃទី២០ ខែកញ្ញានេះ។
គួរបញ្ជាក់ថា ការលុបចោលដំណើរចូលរួមដ៏សំខាន់នេះ បានកើតមានឡើងចំពេលដែលវិបត្តិជម្លោះជាតិសាសន៍ នៅក្នុងរដ្ឋភាគខាងជើងប្រទេស កំពុងតានតឹងជាខ្លាំង ដោយមានមនុស្សស្លាប់រាប់រយនាក់ ហើយជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ៣៧០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លេដែស ដែលនៅក្បែរខាង ខណៈលោកស្រី ស៊ូជី កំពុងរងការរិះគន់យ៉ាងចាស់ដៃ និងត្រូវមនុស្សរាប់សែននាក់ មានបំណងដកពានរង្វាន់ណូបែលសន្តិភាពរបស់ស្រី វិញថែមទៀតផង៕