(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានរក្សាទុកឯកសារផ្ទាល់ខ្លួនរបស់ អូសាម៉ា ប៊ិនឡាដិន (Osama Bin Laden) អស់រយៈពេលជាង ០៦ឆ្នាំមកនេះ ក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិក មានផែនការទម្លាយឯកសារទាំងនេះ លើកលែងតែឯកសារពាក់ព័ន្ធនឹងរូបភាពអាក្រាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ជុំវិញគំរោងនេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ នាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េ (Mike Pompeo) បានលើកឡើង យ៉ាងដូច្នេះថា «យើងមានរូបភាពអាក្រាត និងសម្ភារៈមួយចំនួនជាប់កម្មសិទ្ធិបញ្ញា... ដូច្នេះរាល់ឯកសារក្រៅពីនេះ អាចនឹងត្រូវបានចេញផ្សាយនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ តែព្រមពេលជាមួយគ្នា យើងក៏ចង់ធ្វើឱ្យប្រាកដដែរថា វាមិនមានសម្ភារៈត្រូវលាក់បាំង ឬក៏រឿងដែលយើងមិនអាចចេញផ្សាយបាននោះទេ ពោលគឺយើងចង់ឱ្យពិភពលោកបានឃើញ និងដើម្បីអាចឱ្យយើងវិនិច្ឆ័យយ៉ាងត្រឹមត្រូវថា ត្រូវធ្វើយ៉ាងដូចម្ដេចកុំឱ្យការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា កើតឡើងជាថ្មីម្ដងទៀត»។
ប៉ុន្តែយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយឡើយដែលសហរដ្ឋអាមេរិក លើកឡើងពីរូបភាពអាក្រាតរបស់ Osama Bin Laden កាលពីឆ្នាំ២០១៥ រឿងបែបនេះក៏ធ្លាប់បានកើតឡើង ដែរ។ Osama Bin Laden ត្រូវបានសហរដ្ឋអាមេរិក ចោទថា ជាមេភេរវករនៅពីក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងត្រូវបានកងកុម្ម៉ង់ដូរពិសេសអាមេរិក បាញ់សម្លាប់កាលពីឆ្នាំ២០១១ នៅក្នុងប្រទេសប៉ាគីស្ថាន៕