(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងមានគំរោងដាក់ឱ្យប្រើប្រាស់ «ឥន្ធនៈអេតាណុល ឬអាល់កុល» នៅទូទាំងប្រទេសយ៉ាងយូរនៅឆ្នាំ២០២០ខាងមុខនេះ ខណៈអាជ្ញាធរចិនកំពុងចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយការបំពុលខ្យល់អាកាស ដោយសារការប្រើប្រាស់ធ្យូងថ្ម និងប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានរដ្ឋចិន រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏មានគំរោងជម្រុញឱ្យប្រជាជនរបស់ខ្លួនប្រើប្រាស់ឥន្ធនៈជីវសាស្ត្រ ដែលបានមកពីការបម្លែងកាកសំណល់នៅក្នុងផ្ទះ ដូចជាខ្លាញ់ ព្រមទាំងកាកសំណល់ស្លឹកឈើផងដែរនៅឆ្នាំ២០២៥។ ម្យ៉ាងវិញទៀតនេះគឺជាលើកទីមួយហើយ ដែលរដ្ឋាភិបាលចិន បានកំណត់ពេលវេលាជាក់លាក់ក្នុងការប្រើប្រាស់ឥន្ធនៈជីវសាស្ត្រ ត្រូវបានគេស្គាល់ក្រោមគំរោង E10 សំដៅចូលរួមចំណែកកាត់បន្ថយការបំពុលខ្យល់អាកាស។
គួរបញ្ជាក់ថា ចិនត្រូវបានចាត់ទុកជាប្រទេស ដែលមានការបំពុលបរិយាកាសកម្រិតខ្ពស់ក្នុងលោក ដោយសារតែការអភិវឌ្ឍខ្លាំងក្លាបំផុត លើវិស័យឧស្សាហកម្មគ្រប់ទម្រង់។ គំរោងអនាគតរបស់ចិននេះ ត្រូវបានប្រកាសតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសឥណ្ឌាបានបង្ហាញគំរោងធំមួយរបស់ខ្លួនដែរ នោះគឺការធ្វើឲ្យមានរថយន្តប្រើប្រាស់ហ្គាស និងអគ្គិសនីកាន់តែច្រើនក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ចាប់ពីឆ្នាំ២០៣០ឡើងទៅ៕