(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលរបស់លោក បានយល់ព្រមចាប់ផ្តើមបើកកិច្ចចរចាជាមួយគណបក្សប្រឆាំង នៅក្នុងប្រទេស តបតាមគំនិតផ្តួចផ្តើមពីសំណាក់អតីតនាយករដ្ឋមន្រ្តីអេស៉្បាញ លោក ចូសេ ហ្សេប៉ាតេរ៉ូ (Jose Zepatero) និងប្រធានាធិបតីសាធារណរដ្ឋដូមីនីក (Dominican Republic) លោក ដានីឡូ មេឌីណា (Danilo Medina)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងបញ្ជាក់របស់ លោក Maduro ធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយគណៈរដ្ឋមន្រ្តីរបស់លោក នាសប្តាហ៍នេះ។ លោក Maduro បានបន្ថែមថា លោក ចច រ៉ូឌ្រីហ្គេស (Jorge Rodriguez) អតីតអនុប្រធានាធិបតីវេណេស៊ុយអេឡា នឹងតំណាងឲ្យរូបលោក នៅឯជំនួបចរចាជាមួយនឹងបក្សប្រឆាំង។ បើតាមប្រភពពីរដ្ឋមន្រ្តីការបរទេសបារាំង លោក ជីនវែស លឺឌ្រៀន (Jean-Yves Le Drian) ក្រោយពីជួបជាមួយសមភាគីវេណេស៊ុយអេឡា កិច្ចចរចានេះនឹងចាប់ផ្តើមឡើងនាថ្ងៃពុធសប្តាហ៍នេះ។
គួរបញ្ជាក់ថា វេណេស៊ុយអេឡាបានទទួលរងគ្រោះភាពវឹកវរជាខ្លាំង ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ ជាពិសេសទៅនោះ គឺនៅពេលបោះឆ្នោតបង្កើតសភាធម្មនុញ្ញថ្មីរបស់ប្រទេសតែម្តង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកក្កដា។ រដ្ឋាភិបាលវេណេស៊ុយអេឡា មានបំណងចង់បង្កើតស្ថាប័ននេះ ដើម្បីស្តារស្ថិរភាពនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ប៉ុន្តែបក្សប្រឆាំងបានជំទាស់ដាច់ខាតចំពោះរឿងនេះ៕