(ញូដេលី)៖ កងទ័ពជើងទឹកឥណ្ឌាកំពុងត្រៀមខ្លួនដាក់ឱ្យដំណើរការ «នាវាមុជទឹកនុយក្លេអ៊ែរជំនាន់ទី០២» របស់ខ្លួននៅខែក្រោយនេះ ខណៈទីក្រុងញូដេលីគ្រោងនឹងប្រារព្ធខួប ដែលឥណ្ឌា ក្លាយជាប្រជាជាតិដំបូងគេ ដែលមិនមែនសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជាប្រទេសទាំង ០៥ មានរុស្ស៊ី ចិន សហរដ្ឋអាមេរិក បារំាង និងអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
INS Aridhaman គឺជានាវាមុជទឹកដែលអាចបំពាក់មីស៊ីលផ្លោង និងដើរដោយថាមពលនុយក្លេអ៊ែរ ដូចនាវាមុជទឹកមួយចំនួនរបស់សហរដ្ឋអាមេរិក រុស្ស៊ី និងបារាំង។ ដោយឡែកបើតាមសារព័ត៌មាន Indian Times នាវាមុជទឹកនេះគ្រោងនឹងត្រូវដាក់ឱ្យដំណើរការសាកល្បង ក្រោយបញ្ចប់ការសាងសង់រួចរាល់ តាមគំរោងនៅខែក្រោយនេះ ហើយក្រៅតែពីនាវាមុជទឹកនេះ ឥណ្ឌាក៏ធ្លាប់បានដាក់ឱ្យដំណើរការសាកល្បងផងដែរ នាវាមុជទឹក INS Arinhant ទី០១ កាលពីឆ្នាំ២០០៩ នៅពេលដែលភរិយាអតីតនាយករដ្ឋមន្ត្រី លោក ម៉ាន់ម៉ូហាន់ ស៊ីញ (Manmohan Singh) គឺលោកស្រី ហ្គួរហ្សារ៉ាន កូរ (Gursharan Kaur) ទស្សនាការសាកល្បងដោយផ្ទាល់។
គួរបញ្ជាក់ថា INS Aridhaman ទី០២ នឹងត្រូវដាក់ឱ្យដំណើរការសាកល្បងក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីការជាតិឥណ្ឌា លោកស្រី ណឺម៉ាឡា ស៊ីថារ៉ាម៉ាន់ (Nirmala Sitharaman)។ ក៏ប៉ុន្តែប្រៀបធៀបទៅនឹង នាវាមុជទឹក INS Arinhant នាវាមុជទឹក INS Aridhaman ទី០២ អាចបានបាញ់មីស៊ីលចេញបានច្រើនជាង និងអាចធ្វើដំណើរលឿនជាងទ្វេដងផងដែរ៕