(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងលើដំណោះស្រាយដាក់ទណ្ឌកម្មថ្មី របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ​ហើយថែមទាំងព្រមានដែរថា សហរដ្ឋអាមេរិក នឹងបានស្គាល់ការឈឺចាប់ដ៏ខ្លាំងក្លាបំផុតមិនធា្លប់ជួបពីមុនមក។ នេះបើតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងប្រតិកម្មជាលើកដំបូងទៅនឹងដំណោះស្រាយដាក់ទណ្ឌកម្ម UN ដែលត្រូវបានអនុម័តកាលពីថ្ងៃចន្ទ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងហ្សឺណែវប្រទេសស្វីស លោក Han Tae-song បាននិយាយថា កូរ៉េខាងជើងថ្កោលទោសយ៉ាងពេញទំហឹង ក៏ដូចជាទាត់ចោលការដាក់ទណ្ឌកម្មដែលខ្លួនចាត់ទុកថាខុសច្បាប់ និងជាទង្វើខុសច្បាប់នៃក្រុមប្រឹក្សាសន្តិសុខ។ លោក Han បាន គូសញ្ជាក់នៅឯសន្និសិទលុបបំបាត់អាវុធរៀបចំឡើងក្នុងទីក្រុងហ្សឺណែវ ដូច្នេះថា៖«របបទីក្រុងវ៉ាស៊ីនតោន ដែលចង់បានការប្រឈមមុខនយោបាយ សេដ្ឋកិច្ច និងយោធា កំពុងប្រឆាំងនឹង ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបានឈានដល់ដំណាក់កាលចុងក្រោយទៅហើយ...ប៉ុន្តែពួកគេមិនអាចសម្រេចបំណងនេះឡើយ រីឯការវិធានការនៅលើកក្រោយរបស់
កូរ៉េខាងជើងនឹងធ្វើឱ្យសហរដ្ឋអាមេរិករងការឈឺចាប់ដ៏ខ្លាំងក្លាបំផុត ដែលពួកគេមិនធា្លប់បានជួបពីមុនមក»។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានទាំងចិននិងរុស្ស៊ី ជាខ្នងបង្អែកដ៏ធំរបស់កូរ៉េខាងជើង បានសម្រេចចិត្តអនុម័តជាឯកច្ឆ័នលើដំណោះស្រាយដាក់ទណ្ឌកម្ម ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង សម្រាប់ការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើក០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា។ ដំណោះស្រាយលេខ ២៣៧៥នេះ ក៏មានរួមបញ្ចូលផងដែរការហាម ឃាត់លើការនាំចេញផលិតផលវាយណភណ្ឌ ក៏ដូចជាការរឹតបន្តឹងការជួលកម្មករកូរ៉េខាងជើងនៅឯបរទេសជាដើម៕