(ប៉ារីស)៖ អំពើហិង្សាបានផ្ទុះឡើងនៅអំឡុងបាតុកម្មតវ៉ាមួយ ក្នុងទីក្រុងប៉ារីស ប្រឆាំងជំទាស់នឹងការធ្វើកំណែទម្រង់ច្បាប់ការងារថ្មី ស្នើឡើងដោយប្រធានាធិបតីបារាំង លោក អែមម៉ានុយ អែល ម៉ាក្រុង។ ព្រមពេលជាមួយគ្នា ប៉ូលិសបារាំងបានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ខណៈក្រុមសហជីពបារាំងបានប៉ានប្រមាណថាមានមនុស្ស ៦០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីដំបូងក្បួនតវ៉ាធ្វើឡើងដោយសន្តិវិធី ក៏ប៉ុន្តែក្រោយមកវាបានក្លាយជាអំពើហិង្សា បន្ទាប់ពីក្រុមបាតុករស្លៀកឈុតខ្មៅមួយចំនួន បានប៉ះទង្គិចជាមួយកម្លាំងរក្សាសណ្ដាប់ធ្នាប់ ដោយពួកគេ បានជេរប្រមាថ និងគប់គ្រាប់បែកផ្សែងជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើឧស្ម័នបង្ហូទឹកភ្នែកបំបែកហ្វូងបាតុករទាំងនេះ។ ជាងនេះទៅទៀត ក្រុមបាតុករស្លៀកឈុតខ្មៅ ក៏បានបំផ្លាញអគារ និងបាញ់ថ្នាំពណ៌លើកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវផងដែរ។ តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីអ្នករងរបួស ឬត្រូវចាប់ខ្លួននៅឡើយទេ។

គួរបញ្ជាក់ថា ការធ្វើកំណែទ្រមង់ច្បាប់ការងារត្រូវបានលោកម៉ាក្រុង បង្ហើបជាសាធារណៈកាលពីចុងខែសីហា។ វិធានការនៃកំណែទម្រង់នេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចបារាំង តាមរយៈការសម្រួលដល់និតិវិធីបណ្ដេញ និងជួលបុគ្គលិក ព្រមទាំងអនុញ្ញាតឱ្យវិវាទការងារមួយចំនួន ត្រូវដោះស្រាយ ឬក៏ចរចាដោយផ្ទាល់នៅថ្នាក់ក្រុមហ៊ុន។ ក៏ប៉ុន្តែ កំណែទម្រង់នេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសហជីពបារាំង ត្បិតពួកគេយល់ថាវាធ្វើឱ្យប៉ះពាល់ដល់តុល្យភាពរវាងកម្មករ និងនិយោជក៕