(បង់ក្លាដែស)៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina នៅថ្ងៃអង្គារនេះ បាននិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ា គួរតែប្រើភ្នែកមនុស្សធម៌មើលវិបត្តិរ៉ូហ៊ីងយ៉ា និងទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ ដែលបានរត់គេចេញពីអំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ជំរុំជនភៀសខ្លួន Kutupalong ក្នុងទឹកដីបង់ក្លាដែស លោកស្រី Sheikh Hasina ក៏បានជំរុញផងដែរ ឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិនិត្យមើលស្ថានភាពមនុស្សធម៌ ហើយថាប្រទេសរបស់លោកស្រីអាចឱ្យជំរកស្នាក់នៅបណ្ដោះអាសន្នដល់ជនជាតិរ៉ូហ៊ីងយ៉ា រហូតដល់មីយ៉ាន់ម៉ាព្រមទទួលយកពួកគេត្រឡប់ទៅវិញ។ លោកស្រី Hasina បានលើកឡើងដូច្នេះថា៖ «សារផ្ទាល់ខ្លួនរបស់ខ្ញុំគឺបង្ហាញយ៉ាងច្បាស់ថា ពួកគេ (រដ្ឋាភិបាលមីយ៉ាន់ម៉ា) គួរតែពិចារណាលើស្ថានភាពបច្ចុប្បន្នជាមួយនឹងភ្នែកមនុស្សធម៌ ពីព្រោះមនុស្សគ្មានកំហុសទាំងនេះ រួមមានទាំងកូនក្មេង និងស្ត្រី កំពុងរងទុក្ខវេទនា...ណាមួយមនុស្សទំាងនេះគឺជាប្រជាជនមីយ៉ាន់ម៉ា ដោយពួកគេបានចំណាយពេលរាប់រយឆ្នាំរស់នៅទីនោះ (មីយ៉ាន់ម៉ា)។ ដូច្នេះតើពួកគេអាចបដិសេធថាជនជាតិរ៉ូហ៊ីងយ៉ា មិនមែនជាពលរដ្ឋរបស់ខ្លួនបានយ៉ាងមេចទៅ?»

គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ​ផ្ទុះឡើងកាលពីថ្ងៃទី ២៥ ខែសីហាមក បានបណ្ដាលឱ្យមនុស្ស៤០០នាក់ ភាគច្រើនជារ៉ូហ៊ីងយ៉ាបានស្លាប់ និងជាង៣៧០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស។​ ចំណែកឯ យោធាមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ មិនមែនមានគោលដៅ លើជនស៊ីវិលនោះទេ។ ក៏ប៉ុន្តែ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា សុទ្ធតែនិយាយថាផ្ទះនិងភូមិរបស់ពួកគេ ត្រូវបានពួកយោធាដុតបំផ្លាញ ព្រមទាំងបណ្ដេញពួកគេចេញទៀតផង៕