(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ (Nikki Haley) បានអះអាងថា សហរដ្ឋអាមេរិកមិនមែនកំពុងសម្លឹងមើលការធ្វើសង្រ្គាម ជាមួយកូរ៉េខាងជើងនោះទេ រីឯទីក្រុងព្យុងយ៉ាងវិញ ក៏មិនទាន់ដើរហួសបន្ទាត់ក្រហម ដែលមិនអាចត្រឡប់ក្រោយវិញបាននោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោកស្រី ហាឡេយ ធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN បន្ទាប់ពីការអនុម័តជាឯកច្ឆ័ន្ទ លើទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបំផ្ទុះក្បាល គ្រាប់នុយក្លេអ៊ែរជាលើកទី០៦ បង្អើលពិភពលោកកាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅ។
លោកស្រីអគ្គរដ្ឋទូតអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនកូរ៉េខាងជើងយល់ព្រម បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នោះពួកគេនឹងទទួលបានអនាគតថ្មី ... ហើយបើសិនជាទីក្រុងព្យុងយ៉ាងបង្ហាញថា ខ្លួនចង់រស់នៅជាមួយសន្តិភាព នោះពិភពលោកនឹងរស់នៅដោយសន្តិភាពជាមួយនឹងពួកគេ។ ជាងនេះទៅទៀត ដំណោះស្រាយដាក់ទណ្ឌកម្មនៅថ្ងៃនេះ មិនអាចលេចចេញជារូបរាងឡើយ បើសិនជាគ្មានទំនាក់ទំនងដ៏រឹងមំារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខ រួមមានទាំងចិន បានសម្រេចអនុម័តគាំទ្រជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចថ្មីសំដៅដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ ក៏ប៉ុន្តែក្រុមអ្នកជំនាញ ខ្លះយល់ថាទណ្ឌកម្មនេះ នឹងរឹតតែធ្វើឱ្យទីក្រុងព្យុងយ៉ាងប្រឹងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ រហូតក្លាយជារដ្ឋនុយក្លេអ៊ែរ ដើម្បីមានទឹកមាតប្រៃដាក់លក្ខខ័ណ្ឌចរចាជាមួយសហរដ្ឋអាមេរិក ហើយ ការដែលចង់ឱ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរគឺជារឿងមួយដ៏ពិបាក។
របបកុម្មុយនីស្ដមួយនេះ មិនមែនផលិតអាវុធនុយក្លេអ៊ែរដោយគ្មានហេតុផលឡើយ ត្បិតពួកគេគិតថា សហរដ្ឋអាមេរិក នៅតែចិញ្ចឹមចិត្តចង់ឈ្លានពាន និងផ្ដួលរំលំរបបដឹកនាំទីក្រុងព្យុងយ៉ាង ខណៈបច្ចុប្បន្នកងទ័ពអាមេរិកច្រើនជាងពីរម៉ឺននាក់ រួមទាំងអាវុធទំនើបៗជាច្រើន ត្រូវបានដាក់ពង្រាយ ជាស្រេចនៅលើទឹកដីកូរ៉េខាងត្បូង នេះមិនទាន់រាប់មូលដ្ឋានទ័ពអាមេរិកនៅជប៉ុនផង។
ម្យ៉ាងវិញទៀត បើទោះជាកូរ៉េខាងជើង ព្រមបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរក៏ដោយ ក៏គេមិនប្រាកដដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងដកមូលដ្ឋានទ័ពពីកូរ៉េខាងត្បូង និងជប៉ុន ពីព្រោះមូលដ្ឋាទ័ពទំាងនេះ មិនមែនមានគោលដៅតែទៅលើកូរ៉េខាងជើងទេ តែវាគឺជាវិធានការពង្រីកឥទ្ធិពលយោធា អាមេរិកក៏ដូចជាទប់ស្កាត់ការពង្រីកឥទ្ធិពលយោធារបស់រុស្ស៊ី និងចិននៅក្នុងតំបន់៕