(អ៊ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) បានថ្លែងថា ទណ្ឌកម្មរបស់អាមេរិកប្រឆាំងទៅនឹងក្រុមមន្រ្តីប៉ាគីស្ថាន ឬក៏ការបន្តកាត់បន្ថយជំនួយផ្នែកយោធា នឹងជះផលប៉ះពាល់មិនល្អនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
លោក Abbasi បានលើកឡើងថា ទង្វើណាមួយខាងលើ នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់យុទ្ធនាការប្រឆាំងនឹងអំពើភេរវកម្មជាក់ជាពុំខាន ខណៈសព្វថ្ងៃប្រទេសទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងជាខ្លាំង ក្នុងរយៈពេល ១៦ឆ្នាំ ចុងក្រោយនេះ។ លោកនាយករដ្ឋមន្រ្តីរូបនេះបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចសម្រេចគោលដៅបង្រ្កាបភេរវកម្មរបស់ខ្លួនបានឡើយ តាមរយៈការបន្ថយជំនួយដល់ប៉ាគីស្ថាន ពីព្រោះថា ប្រទេសទាំងពីរត្រូវការមានកិច្ចប្រឹងប្រែងសហការរួម ដើម្បីយកឈ្នះលើក្រុមសកម្មប្រយុទ្ធក៏ដូចជាភេរវករ នៅក្នុងតំបន់អាស៊ីខាងត្បូង។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Abbasi ធ្វើឡើង ក្រោយពីទីក្រុងវ៉ាស៊ីនតោន បានប្រាប់ឲ្យប៉ាគីស្ថាន ខិតខំបន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani ដែលអាមេរិកជឿថា មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ។ ម៉្យាងវិញទៀត សហរដ្ឋអាមេរិក ក៏បានកំណត់លក្ខខណ្ឌ លើជំនួយយោធាថ្ងៃអនាគត សម្រាប់ប៉ាគីស្ថានផងដែរ ស្តីពីចំណាត់ការដោះស្រាយរបស់ប៉ាគីស្ថាន ចំពោះបណ្តាញក្រុមសកម្មប្រយុទ្ធនេះ ដែលកំពុងតែធ្វើសកម្មភាពវាយប្រហារភេរវកម្ម ទៅលើក្រុមកម្លាំងចម្រុះដឹកនាំដោយអង្គការ NATO នៅអាហ្វហ្គានីស្ថាន។
ជុំវិញរឿងនេះ លោក Abbasi បាននិយាយថា វាមិនយុត្តិធម៌នោះឡើយ ចំពោះការដែលសហរដ្ឋអាមេរិក ទម្លាក់កំហុសមកលើប៉ាគីស្ថាន ចំពោះបញ្ហាទាំងប៉ុន្មាន ដែលខ្លួនឯងកំពុងតែប្រឈមជាមួយពួកក្រុមសកម្មប្រយុទ្ធ នៅអាហ្វហ្គានីស្ថាន។ លើសពីនេះទៀត លោក Abbasi បានទទូចឲ្យទីក្រុងវ៉ាស៊ីនតោន ចេះបង្ហាញពីការពេញចិត្តនិងដឹងគុណខ្លះ សម្រាប់ការលះបង់របស់ប៉ាគីស្ថាន នៅក្នុងសង្រ្គាមប្រឆាំងនឹងអំពើភេរវកម្ម និងតួនាទីរបស់អ៊ីស្លាម៉ាបាដ ក្នុងការផ្តល់ទីជ្រកកោនឲ្យជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ៣.៥លាននាក់៕