(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គាន់ (Tayyip Erdogan) បានបញ្ជាក់ទទួលស្គាល់ថា កិច្ចព្រមព្រៀងស្តីពីការទិញ និងប្រគល់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីប្រភេទ S-400 មកកាន់តួកគី ត្រូវបានចុះហត្ថលេខា រីឯរឿងថវិកាក៏ត្រូវបានបង់ថ្លៃទូទាត់រួចហើយដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានតួកគី Hurriyet លោក Erdogan បានថ្លែងថា «មិត្តរបស់យើងបានចុះកិច្ចព្រមព្រៀងលើប្រព័ន្ធ S-400 រួចហើយ។ ការបង់ថ្លៃទូតទាត់ក៏ត្រូវបានធ្វើឡើងរួចរាល់ផងដែរ បើតាមខ្ញុំដឹង។ លោក ពូទីន និងរូបខ្ញុំ មានការប្តេជ្ញាខ្ពស់លើបញ្ហានេះ»។ ជុំវិញរឿងនេះ កាលពីខែសីហាកន្លងទៅ អគ្គនាយកក្រុមហ៊ុននាំចេញសព្វាវុធ Rosoboronexport របស់វិមានក្រឹមឡាំងបានឲ្យដឹងថា កិច្ចសន្យាសម្រាប់ការប្រគល់ប្រព័ន្ធ S-400 ប៉ុន្មានគ្រឿងមកកាន់ប្រទេសតួកគី ឈានជិតដល់ការចុះហត្ថលេខាហើយ ខណៈកាលពីខែកក្កដាឯណោះវិញ រដ្ឋមន្រ្តីការពារជាតិតួកគីបាននិយាយថា ការចរចាស្តីពីការប្រគល់ប្រព័ន្ធការពារដែនអាកាសនេះ បានចូលដល់ដំណាក់កាលចុងក្រោយហើយ។
គួរបញ្ជាក់ថា ប្រព័ន្ធ S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ក្រោយបំផុត របស់ប្រទេសរុស្ស៊ី ដែលអាចផ្ទុកគ្រាប់មីស៊ីលបានបីប្រភេទ មានសមត្ថភាពកម្ទេចគោលដៅ នៅលើផ្ទៃមេឃ មិនថាជិត ឬក៏ឆ្ងាយខ្លាំងនោះឡើយ៕