(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃពុធស្អែកនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ដើម្បីពិភាក្សាគ្នាជុំវិញអំពើហិង្សា និងជម្លោះជាតិសាសន៍នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ដែលបានបង្ខំឱ្យជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ច្រើនជាង ៣០០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ នេះបើតាមប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
ការរៀបចំកិច្ចប្រជុំនេះធ្វើឡើងតាមរយៈសំណើរបស់អង់គ្លេស និងស៊ុយអែត ខណៈសហគមន៍អន្តរជាតិ បានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំង ចំពោះអំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានោះដែរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គរដ្ឋទូតអង់គ្លេស លោក ម៉ាតស៊ូ រ៉ាយក្រូហ្វ (Matthew Rycroft) បាននិយាយថា ការបើកកិច្ចប្រជុំនេះ គឺជាសញ្ញាមួយបញ្ជាក់ពីក្ដីព្រួយបារម្ភ របស់សមាជិកក្រុមប្រឹក្សាសន្តិសុខ ពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន។ ដោយឡែក កាលពីថ្ងៃចន្ទ ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) ក៏បានចោទប្រកាន់ផងដែរថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានវាយប្រហារជាលក្ខណៈប្រព័ន្ធប្រឆាំងនឹងរ៉ូហ៊ីងយ៉ា ហើយថាអំពើប្រល័យ ពូជសាសន៍ជនជាតិដើមភាគតិច ហាក់ដូចជាកំពុងកើតមានឡើង។
គិតចាប់តាំងពីអំពើហិង្សាក្នុងរដ្ឋរ៉ាឃីន ផ្ទុះឡើងជាថ្មីចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក មានជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ៣១៣,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ បង់ក្លាដែស និង ៤០០នាក់បានស្លាប់ (តួលេខបណ្ដោះអាសន្ន)។ ចំណែកឯជ័យលាភីណូបែលសន្តិភាពដូចជា សម្ដេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama), អ្នកនាង ម៉ាឡាឡា យូសេហ្វហ្សៃ (Malala Yousafzai) និងលោក អាចប៊ីហ្សប ឌែសម៉ុន ទូទូ (Archbishop Desmond Tutu) បានជម្រុញឱ្យលោកស្រី អោង សានស៊ូជី ចូលរួមថ្កោលទោសអំពើហិង្សា ប្រព្រឹត្តឡើងដោយយោធាមីយ៉ាន់ម៉ា លើជនជាតិរ៉ូហ៊ីងយ៉ា ប៉ុន្តែមកទល់ពេលនេះ លោកស្រី ស៊ូជី បានទាត់ចោលរាល់ការចោទប្រកាន់ ព្រមទាំងទម្លាក់កំហុសទាំងអស់លើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលជាពួកភេរវករនៅក្នុងកែវភ្នែកពួកយោធា។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខក៏ធ្លាប់បានជួបប្រជុំបិទទ្វារម្ដងរួចមកហើយ កាលពីចុងខែសីហា ស្ដីពីអំពើហិង្សាលើរ៉ូហ៊ីងយ៉ា តែមិនមានការចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយឡើយ ខណៈគេមើលឃើញថា ចិន និងរុស្ស៊ីដែលចង់រក្សាទំនាក់ទំនងល្អជាមួយមីយ៉ាន់ម៉ា ទំនងជាអ្នកកាងមិនឱ្យសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានអនុម័ត៕