(រ៉ង់ហ្គូន)៖ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានបើកកិច្ចពិភាក្សាជាមួយលោក យូ យ៉ដ ស៊ឺក (U Yawd Serk) មេដឹកនាំក្រុមឧទ្ទាម SSA-S នៅរដ្ឋសាន (Shan) ភាគខាងកើត និងជាភាគីហត្ថលេខី ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ទូទាំងប្រទេស NCA។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
ជំនួបខាងលើ គឺជាការជួបពិភាក្សាគ្នាដំបូងបំផុត សម្រាប់រដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ ដែលវាបានប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលផ្សះផ្សា និងសន្តិភាពជាតិ NRPC នៃរដ្ឋធានីណៃពិដោ (Nay Pyi Taw)។ កិច្ចពិភាក្សានេះ បានលើកឡើងនូវប្រធានជាច្រើន រួមមានវិធានការកសាងទំនុកចិត្តរវាងគ្នា និងគ្នា, បទឈប់បាញ់ NCA, វិស័យអប់រំ, សុខាភិបាល, បញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន, និងការអភិវឌ្ឍតំបន់ជនជាតិដើម។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៥ រដ្ឋាភិបាលមុនរបស់មីយ៉ាន់ម៉ា បានបង្កើតបទឈប់បាញ់ NCA ជាមួយក្រុមឧទ្ទាមប្រដាប់អាវុធចំនួន ០៨ ក្នុងចំណោម ១៥ក្រុម ដើម្បីរួមគ្នាស្វែងរក និងសម្រេចបានសន្តិសុខ ជូនប្រទេសជាតិ។ ដោយឡែកលោកស្រី អោងសាន ស៊ូជី បច្ចុប្បន្នកំពុងតែប្រឈមបញ្ហាធ្ងន់ធ្ងរយ៉ាងខ្លាំង ជុំវិញវិបត្តិជនដើមមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនជិតបីសែននាក់ ទៅកាន់ប្រទេសបង់ក្លាដែស ខណៈរូបលោកស្រី ក៏ត្រូវបានគេរិះគន់ និងទាមទារឲ្យមានការដកពានរង្វាន់ណូបែលពីលោកវិញថែមទៀតផង ដោយសារតែបញ្ហានេះ៕