(អាមេរិក)៖ អង្គការ NASA បាននិយាយថា ប្រសិនបើអ្វីៗទាំងអស់ប្រព្រឹត្តទៅតាមការគ្រោងទុកនោះ យានអវកាស New Horizons នឹងធ្វើការហោះ Flyby ទៅកៀកនឹងគោលដៅបន្ទាប់របស់ខ្លួនដល់ទៅបីដង ធៀបនឹងភពភ្លុយតូ (Pluto) ដែលជាគោលដៅចាស់របស់វា កាលពីខែកក្កដា ឆ្នាំ២០១៥។ នេះបើតាមការដកស្រង់ពីវែបសាយ Space នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសរបស់ក្រុមមន្រ្តី NASA នាពេលថ្មីៗនេះ ក្រុមការងារបេសកកម្ម New Horizon មានបំណងធ្វើការបញ្ជាយានអវកាសនេះ ទៅត្រឹមចម្ងាយ ៣,៥០០គីឡូម៉ែត្រប៉ុណ្ណោះ ពីវត្ថុអវកាសមួយដែលស្ថិតនៅដ៏សែនឆ្ងាយ មានឈ្មោះថា 2014 MU69 នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ ក្នុងអំឡុងនៃការហោះ Flyby ជាប្រវត្តិសាស្រ្តរបស់វា ទៅក្បែរភពភ្លុយតូកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ យាន New Horizon មិនធ្លាប់ដែលទៅជិតផ្ទៃរបស់ ភពមិនពេញលក្ខណៈនេះ ឆ្ងាយជាងចម្ងាយ៧,៨០០គីឡូម៉ែត្រឡើយ។
គួរបញ្ជាក់ថា បេសកកម្មតម្លៃ ៧០០លានដុល្លារ New Horizons បានចាប់ផ្តើមធ្វើដំណើទៅកាន់លំហអាកាស កាលពីខែមករា ឆ្នាំ២០០៦។ យានអវកាសនេះ បានថតយករូបភាពដំបូងបំផុតនៃភព Pluto នៅក្នុងអំឡុងពេលហោះ Flyby កាលពីឆ្នាំ២០១៥របស់វា ហើយខណៈពេលនេះ New Horizons កំពុងបន្តឆ្ពោះទៅកាន់ 2014 MU69 ក្រោយចាកចេញពីភពភ្លុយតូ ដែលជាគោលដៅស្រាវជ្រាវដំបូងរបស់វា កាលពីឆ្នាំ២០១៥៕