(លីម៉ា)៖ រដ្ឋាភិបាលប៉េរូបាននិយាយថា ខ្លួនបានបណ្ដេញអគ្គរដ្ឋទូតកូរ៉េខាងជើង ដោយសារតែរបបកុម្មុយនីស្ដមួយនេះ មិនបានស្ដាប់ការអំពាវនាវរបស់ពិភពលោក ឱ្យបញ្ចប់កម្មវិធី នុយក្លេអ៊ែរ។ ការសម្រេចចិត្តបែបនេះធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា និងនៅក្រោយពេលដំណើរទស្សនកិច្ចរបស់ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន (Mike Pence) មកកាន់តំបន់អាមេរិកឡាទីន ជាទីដែលលោកបានលើកទឹកចិត្ត ឱ្យបណ្ដាប្រទេសក្នុងតំបន់កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីការណ៍ ក្រសួងការបរទេសប៉េរូបានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម ហាក់ ចុល (Kim Hak-Chol) មានរយៈពេល ០៥ថ្ងៃ ដើម្បីចាកចេញពីប្រទេសប៉េរូ។ ការសម្រេចចិត្តនេះ គឺជាការប្ដេជ្ញាចិត្តអនុវត្តតាមដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយប៉េរូនឹងប្រើប្រាស់គ្រប់មធ្យោបាយការទូតទាំងអស់ ដើម្បីចូលរួមចំណែកលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលម៉ិចស៊ីកូក៏បានបណ្ដេញអគ្គរដ្ឋទូតជើង លោក Kim Hyong Gil ដោយទុករយៈពេល ៧២ម៉ោង ឱ្យលោកចាកចេញពីប្រទេសផងដែរ ជាការឆ្លើយ តបទៅនឹងការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦៕