(ម៉ូស្គូ)៖ កាលពីសប្តាហ៍មុនកូរ៉េខាងជើងបានប្រតិកម្មយ៉ាងខ្លាំង ទៅនឹងការរិះគន់របស់អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ (Nikki Haley) ដោយបានហៅលោកស្រីថា «ស្រីពេស្យា» ដែលកំពុងគ្រវីសំពត់ចុះឡើងនៅ UN។ ប្រតិកម្មរបស់ទីក្រុងព្យុងយ៉ាង ធ្វើឡើងតាមរយៈសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បន្ទាប់ពីលោកស្រី Haley ថ្កោលទោសនិងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ UN ដាក់ទណ្ឌកម្មឱ្យបានធ្ងន់ធ្ងរប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៦ កាលពីសប្ដាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
KCNA នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានលើកឡើងយ៉ាងដូច្នេះថា «នាង (លោកស្រី Nikki Haley ) គឺជាមនុស្សឆ្កួតប្រៀបបានដូចជា «ស្រីពេស្យា» ដែលកំពុងគ្រវីសំពត់ចុះឡើងដោយដើរ តួជាអ្នកជំរុញឱ្យមានការអនុម័តទណ្ឌកម្មដ៏អាក្រក់ និងការដាក់សម្ពាធ (ប្រឆាំងកូរ៉េខាងជើង) របស់ (លោក) ដូណាល់ ត្រាំ... (លោកស្រី) Nikki ត្រូវតែប្រយ័ត្នចំពោះអណ្ដាតរបស់ខ្លួន មុននឹងហាមាត់និយាយស្ដី បើពុំដូច្នោះទេទីក្រុងវ៉ាស៊ីនតោននឹងទទួលការតបស្នងវិញយ៉ាងសាកសម ដោយសារតែមាត់ឥតគំរបរបស់នាង»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ទីបំផុតកាលពីថ្ងៃចន្ទ បានសម្រេចអនុម័តគាំទ្រជាឯកច្ឆ័ន្ទ លើសេចក្តីសម្រេចថ្មីសំដៅដាក់ទណ្ឌកម្មបន្ថែមប្រឆាំងប្រទេស កូរ៉េខាងជើង ជុំវិញការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនិស្តដ៏រឹងទទឹងមួយនេះ កាលពីថ្ងៃទី០៣ ខែកញ្ញា។ ចំណែកឯ ចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់ព្យុងយ៉ាង បានបង្ហាញជំហគាំទ្រទាំងស្រុងចំពោះចំណាត់ការនេះដែរ ដែលនឹងផ្ដោតសំខាន់លើវិស័យប្រេង, ការនាំចេញវាយភ័ណ្ឌរបស់កូរ៉េខាងជើង និងការបង្កកទ្រព្យសម្បត្តិលោក គីម ជុងអ៊ុន ជាដើម៕