(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ទីបំផុតបានសម្រេចអនុម័តគាំទ្រជាឯកច្ឆ័ន្ទ ចំពោះសេចក្តីសម្រេចថ្មី សំដៅដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកូរ៉េខាងជើង ជុំវិញការធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់រដ្ឋកុម្មុយនិស្តដ៏រឹងទទឹងមួយនេះ កាលពីថ្ងៃទី០៣ ខែកញ្ញា ខណៈចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់ព្យុងយ៉ាង បានបង្ហាញជំហគាំទ្រទាំងស្រុងចំពោះចំណាត់ការនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
សេចក្តីសម្រេចខាងលើ ដែលជាចំណាត់ការសកម្មភាពលើកទីបីហើយនោះរបស់ UNSC ពាក់ព័ន្ធនឹងកូរ៉េខាងជើងក្នុងអំឡុងពេល ០៥សប្តាហ៍ ចុងក្រោយនេះមានគោលដៅធ្វើការ កាត់បន្ថយការផ្គត់ផ្គង់ ក៏ដូចជានាំចូលប្រេងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងអត្រាជិត ៣០ភាគរយ ហើយដាក់បំរាមលើការនាំចេញវាយនភណ្ឌគ្រប់ប្រភេទ ដែលមានតម្លៃប្រមាណ ៨០០លានដុល្លារ។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជេង ហ្សង Geng Shuang បានថ្លែងថា ទីក្រុងប៉េកាំង គាំទ្រទាំងស្រុងឲ្យ UNSC ចាត់វិធានការចាំបាច់ផ្សេងៗ ទាក់ទិននឹងការធ្វើបំផ្ទុះសាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា បើតាមឯកអគ្គរដ្ឋ ទូតអាមេរិកប្រចាំ UN នាពេលនេះ វិស័យនាំចេញរបស់ កូរ៉េខាងជើង សរុប ៩០ភាគរយ ត្រូវជាប់បម្រាមហាមឃាត់ហើយ។ ដោយឡែកសេចក្តីសម្រេចថ្មីនេះ ធ្វើឡើង ក្រោយពីមានការអនុម័តសេចក្តីសម្រេចរបស់ UNSC មួយផ្សេងទៀត កាលពីថ្ងៃទី០៥ ខែសីហាកន្លងទៅ ដែលបានដាក់បម្រាមទៅលើ ការនាំចេញធ្យូងថ្ម, ដែក, រ៉ែដែក, សំណ, រ៉ែសំណ, និងគ្រឿងសមុទ្រពីកូរ៉េខាងជើង នៅក្នុងចំណោមវិធានការតឹងរ៉ឹងមួយចំនួនទៀត។
ក្រៅពីនេះ កាលពីថ្ងៃទី២៩ ខែដដែល UNSC ក៏បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការផ្លោងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង រំលងពីលើប្រទេសជប៉ុន ក៏ដូចជាការធ្វើតេស្តមីស៊ីលដទៃទៀតកាលពីថ្ងៃទី២៥ ខែសីហា ផងដែរ៕