(ឡាហាវ៉ាន)៖ រដ្ឋាភិបាលគុយបា នៅថ្ងៃចន្ទនេះបានឱ្យដឹងថាមនុស្ស១០នាក់ បានស្លាប់ បន្ទាប់ពីព្យុះ Hurricane Irma បានវាយប្រហារលើតំបន់ឆ្នេរភាគខាងជើងនៃប្រទេសកាលពី ចុងសប្ដាហ៍កន្លងទៅ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបកើនដល់៣៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ ព្យុះ Hurricane Irma ដែលបានប្រែក្លាយជាព្យុះត្រូពិច បានធ្វើដំណើរទៅដល់ទីក្រុងជាច្រើននៃភាគខាងជើងរដ្ឋផ្លូរីដា របស់សហរដ្ឋអាមេរិក ដោយវាបាននិងកំពុងបង្កជា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅថ្ងៃចន្ទនេះ ក៏ដូចជាធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ព្រមទាំងត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នរៀប ចំឡើងដោយអាជ្ញាធរ។

គួរបញ្ជាក់ថា បើតាម National Hurricane Center ព្យុះ Hurricane Irma បានបក់បោកក្នុងល្បឿនខ្យល់១១០គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងកំពុងវាយប្រហារលើតំបន់ស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីក្រុង Gainesville នៃរដ្ឋផ្លូរីដា មុននឹងវាបន្តធ្វើដំណើរទៅកាន់តំបន់ Gulf Coast៕