(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ខ្លួននឹងអនុម័តក្នុងពេលឆាប់ៗនេះលើវិធានការលុបបំបាត់រថយន្ដប្រើប្រាស់ម៉ាស៊ូត និងឥន្ធនៈយ៉ាងយូរនៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការបំពុលបរិស្ថាននៅតាមដងផ្លូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌា លោក នីទីន ហ្គេដការី (Nitin Gadkari) រដ្ឋាភិបាលទីក្រុងញូដេលី មានគំរោងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្ដ ដើរដោយថាមពលអគ្គសនី ជំនួសរថយន្ដប្រើប្រាស់ ម៉ាស៊ូត និងប្រេងឥន្ធនៈ។ លោក Gadkari បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈរដ្ឋមន្ត្រីកំពុងធ្វើការងារជួយសម្រួលដល់ការប្រើប្រាស់រថយន្ដអគ្គិសនី ហើយខ្ញុំកំពុងធ្វើរឿងនេះ បើទោះជាអ្នកទំាង អស់គ្នាពេញចិត្ត ឬមិនពេញចិត្តក៏ដោយ... ខ្ញុំនឹងសម្រេចការងារនេះ... យើងនឹងធ្វើឱ្យអ្នកផលិតរថយន្ដប្រើប្រាស់ម៉ាស៊ូត និងប្រេងឥន្ធនៈចូលរួមក្នុងកិច្ចការនេះ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) មានផែនការឱ្យប្រជាជនប្រើប្រាស់រថយន្ដអគ្គិសនី យ៉ាងយូរនៅឆ្នាំ២០៣០ ព្រមទាំងជំរុញ ឱ្យបណ្ដារោងចក្រឧស្សាហកម្មស្រាវជា្រវ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនឥណ្ឌាបច្ចុប្បន្ន ខណៈឥណ្ឌាត្រូវបានគេរំពឹងថា នឹងនាំមុខចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេ នៅលើពិភពលោក នៅពេលអនាគត៕