(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ គ្រោងនឹងបញ្ជូនវិស្វករជំនាញខាងដោះមីនចំនួន ១៧៥នាក់ ទៅកាន់ខេត្ត ឌែរ អាល់ ហ្សរ (Deir al-Zor) របស់ប្រទេសស៊ីរី ក្រោយពីទើបរំដោះបានមកវិញពីដៃក្រុមភេរវករ ISIS និងទទួលបានការសាទរយ៉ាងខ្លាំង ពីប្រជាជននៅក្នុងប្រទេសស៊ីរីនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ សារព័ត៌មានរុស្ស៊ី Interfax ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានខាងលើ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងជំនាញវិស្វកម្មខាងដោះមីន៤០នាក់ ត្រូវបានបញ្ជូនទៅដល់មូលដ្ឋានទ័ពអាកាស ហាមៃមីម (Hmeimim) របស់រុស្ស៊ី ដែលស្ថិតនៅប្រទេសរុស្ស៊ី រួចជាសម្រេចហើយ។
គួរបញ្ជាក់ថា កងកម្លាំងយោធារដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្ស៊ី និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយសហរដ្ឋអាមេរិក បាននិងកំពុងតែបើកប្រតិបត្តិការដាច់ដោយឡែកពីគ្នាយ៉ាងក្តៅគគុក ដើម្បីវាយកម្ចាត់ក្រុមភេរវករ ISIS នៅខេត្ត Deir al-Zor ភាគខាងកើតប្រទេសស៊ីរី ខណៈកងទ័ពរបស់ប្រធានាធិបតិស៊ីរី លោក បាស្សា អាល់ អាស្សាដ ទើបតែបានទទួលជោគជ័យធំៗផ្ទួនៗគ្នា នៅក្នុងទីក្រុង Deir al-Zor មួយនេះ៕