(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បាននិយាយថា វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង នឹងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសរបស់លោកស្រីនៅ ប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងសេអ៊ូលនៅថ្ងៃចន្ទនេះ លោកស្រី Kang បានកត់សម្គាល់ដូច្នេះថា «វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ គឺជាបញ្ហាប្រឈមសម្រាប់កិច្ចការបរទេស និងសន្តិសុខរបស់យើង ហើយវានឹងនៅតែបន្តជាបញ្ហាដ៏ធំ នៅប៉ុន្មានខាងមុខទៀតនេះ»។ ការថ្លែងបែបនេះ របស់លោកស្រីរដ្ឋមន្ត្រីការបរទេស ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានដឹកនាំការធ្វើ តេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា ដោយថែមទាំងអះអាងទៀតថា វាជាគ្រាប់បែកអ៊ីដ្រូសែនអាចបំពាក់លើមីស៊ីលឆ្លងទ្វីប ICBM បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។
ចំណែកឯក្រុមអ្នកជំនាញខ្លះយល់ថា ការធ្វើតេស្ដនេះមានឥទ្ធិពលខ្លាំងក្លាបំផុត ក្នុងចំណោមការបំផ្ទុះក្បាលគ្រាប់បែកនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ២០០៦មក ហើយប្រការនេះក៏កំពុងទាក់ទាញទណ្ឌកម្មពីអន្តរជាតិខ្លាំងក្លាជាងមុន ដោយសូម្បីបងធំទាំងពីរ គឺចិន និងរុស្ស៊ី ក៏ពិបាកនឹងរកហេតុផល មកការពារកូរ៉េខាងជើងណាស់។
គួរបញ្ជាក់ថា បើទោះជាកូរ៉េខាងជើងបានបង្ករឿងឥតឈប់ឈរក៏ដោយ ក៏ប៉ុន្តែលោកស្រី Kang នៅតែអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តប្រើប្រាស់វិធានការការទូត និងដោយសន្តិវិធី ដើម្បីចូលរួមចំណែកលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ៕