(អាមេរិក)៖ ខ្មាន់កាំភ្លើងម្នាក់នៅរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក ដែលទើបបានទទួលរងគ្រោះដោយសារខ្យល់ព្យុះហឺរីខិន ហាវេយ (Harvey) នោះ បានធ្វើការបាញ់ប្រហារផ្តាច់ជីវិតមនុស្ស ០៧នាក់ និងបង្កឲ្យរបួស ០២នាក់ ផ្សេងទៀតមុនពេលត្រូវបានកម្លាំងប៉ូលិស បង្ខំចិត្តបាញ់សម្លាប់ចោល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍ ពីបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកអាមេរិកប៉ូលិសប្រចាំទីក្រុង ផ្លាណូ (Plano) ដែលនៅប្រហែលជា ៤១០គីឡូម៉ែត្រ ពីទីក្រុងហួស្តុន (Houston) នៃរដ្ឋតិចសាស់ បានបង្ខំចិត្តបាញ់សម្លាប់ជនសង្ស័យខាងលើ បន្ទាប់ពីបានទៅដល់គេហដ្ឋានមួយកន្លែង ក្រោយពីទទួលបានសេចក្តីរាយការណ៍ អំពីស្នូរកាំភ្លើងបន្លឺឡើង។
គួរបញ្ជាក់ថា នៅក្នុងផ្ទះកើតហេតុប៉ូលិសបានរកឃើញជនរងគ្រោះ ដែលបានទទួលរងគ្រាប់កាំភ្លើង ចំនួន ០៩នាក់ ដោយ ០៧នាក់ ក្នុងចំណោមនោះបានបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ ខណៈ ០២នាក់ ផ្សេងទៀតនៅមានជីវិតនៅឡើយ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ដោយឡែក មូលហេតុនៅពីក្រោយហេតុការណ៍ បាញ់សម្លាប់មនុស្សច្រើននាក់បែបនេះ កំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស៕