(ប៉េកាំង)៖ សកម្មជនការពារសិទ្ធិ​មនុស្សតៃវ៉ាន់​ម្នាក់ ដែលកំពុងជាប់ក្ដីក្ដំានៅក្នុងប្រទេសចិន នៅថ្ងៃចន្ទនេះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព​ប្រឆាំងព្យាយាមផ្ដួល​រំលំរដ្ឋាភិបាល​ទីក្រុងប៉េកាំង ប្រាកដមែន។ នេះបើតាមវីដេអូសារភាព​របស់ជនជាប់ចោទ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។

លោក លី មីងជេ (Lee Ming-che) គឺជាគូ្របង្រៀន​សហគមន៍ ដែលគេស្គាល់ថា ជាសកម្មជន​ការពារសិទ្ធិ​មនុស្ស និងជាអ្នកគាំទ្រ​លិទ្ធិប្រជាធិបតេយ្យ​ម្នាក់ បានបាត់ខ្លួនដោយអាថ៌កំបាំង​នៅពេលលោក ធ្វើដំណើរ​មកកាន់​ប្រទេសចិន កាលពីខែមីនា​កន្លងទៅ ហើយក្រោយមកទៀត​ទើបអាជ្ញាធរចិន​ទទួលស្គាល់ថា លោក Lee ត្រូវបានចាប់ខ្លួន ក៏ដូចជាកំពុង​ស្ថិតនៅក្រោម​ការស៊ើប​អង្កេត ពាក់ព័ន្ធនឹង​ការសង្ស័យថា បានធ្វើសកម្មភាព​បំផ្លាញសន្តិសុខជាតិ។​

ដោយឡែក នៅក្នុងវីដេអូដែលត្រូវបានចេញផ្សាយ នៅ​លើបណ្ដាញទំនាក់ទំនង​សង្គម​ដោយតុលាការ យឿយ៉ាង (Yueyang) ស្ថិតនៅភាគ​កណ្ដាលខេត្ត ហ៊ូណា (Hunan) សកម្មជនសិទ្ធិ​មនុស្សរូបនេះ បានទទួលយក​ការចោទប្រកាន់ និងសម្ដែងការ​សោកស្ដាយ។ លោក Lee​​ បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំបានបង្កើន​ការរិះគន់ និងបង្កាច់បង្ខូច​ប្រឆាំងនឹង​រដ្ឋាភិបាល គណបក្ស​កុម្មុយនីស្ដចិន រួមទាំងប្រព័ន្ធ​នយោបាយចិន​បច្ចុប្បន្ន ហើយខ្ញុំក៏បាន​ញុះញង់​ឱ្យមានការតស៊ូផ្ដួល​រំលំរដ្ឋអំណាច​ផងដែរ»។

តែទោះជាយ៉ាងក្ដី ប្រពន្ធលោក Lee ​គឺលោកស្រី Lee Ching-yu មិនបានទទួលស្គាល់​វីដេអូសារភាព​របស់ប្ដីខ្លួនឡើយ ខណៈក្រុមសកម្មជន​ប្រជាធិបតេយ្យខ្លះ​គិតថា លោក Lee ​ទទួល​រងសម្ពាធ ឬការបំភិតបំភ័យពីរដ្ឋាភិបាល​ទីក្រុងប៉េកាំង៕