(អាមេរិក)៖ ស្របពេលដែលព្យុះហឺរីខិន អឺម៉ា (Hurricane Irma) កំពុងវាយលុកបណ្តោយឆ្នេរភាគនិរតីនៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ប្រព័ន្ធផ្កាយរណបរបស់អង្គការ NASA បានបង្ហាញពីទិដ្ឋភាពនៃព្យុះកំណាចនេះ ពីលើលំហអាកាស។ នេះបើតាមការចេញផ្សាយដោយសារគេហទំព័រអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ទីបំផុតព្យុះហឺរីខែន Irma បានមកដល់ប្រជុំកោះរបស់រដ្ឋផ្លូវរីដា (Florida Keys) ក្នុងនាមជាព្យុះកម្រិតទី០៤ ដែលមានកម្លាំងខ្យល់អតិបរមា ២១៥គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។ តំបន់ជាច្រើននៅរដ្ឋផ្លូវរីដា បានទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារតែព្យុះ Irma នេះ ខណៈទីប្រជុំជនភាគច្រើននៃទីក្រុង Miami (ម៉ៃអាមី)បានជន់លិច និងមនុស្សច្រើនជាង ០២លាននាក់ នៅទូទាំងរដ្ឋអាគ្នេយ៍នេះ កំពុងគ្មានចរន្តអគ្គិសនីប្រើប្រាស់។
គួរបញ្ជាក់ថា មុនពេលមកដល់រដ្ឋផ្លូរីដា ព្យុះហឺរីខែន Irma បានផ្តាច់ជីវិតមនុស្សយ៉ាងតិច ២៧នាក់ នៅតំបន់ការីបៀន លើផ្ទៃមហាសមុទ្រអាត្លង់ទិក ហើយចំនួននេះអាចគេរំពឹងថា អាចនឹងកើនឡើង ស្របពេលដែលព្យុះ Irma នឹងត្រូវឆ្លងកាត់តំបន់ភាគខាងលិចរដ្ឋផ្លូរីដា ដែលប្រជាជននៅទីនោះ មួយចំនួនពុំទាន់បានត្រៀមលក្ខណៈរួចរាល់នៅឡើយ៕