(សេអ៊ូល)៖ មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ លោកស្រី ជូ មីអ៊ែរ (Choo Mi-ae) នៅថ្ងៃចន្ទនេះបានសម្ដែងការជំទាស់យ៉ាងខ្លាំង ទៅនឹងសំណើរបស់គណបក្សប្រឆាំង ដែលចង់ដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរអាមេរិកឡើងវិញ នៅលើឧបទ្វីបកូរ៉េ ខណៈភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃព្រហស្បតិ៍ គណបក្សសេរីភាពកូរ៉េ (LPK) បានស្នើឱ្យដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរអាមេរិកឡើងវិញ ក្រោយត្រូវបានលុបចោលនៅដើមឆ្នាំ១៩៩០។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំងមួយនេះក៏បានប្រកាសដែរថា ខ្លួនចង់បញ្ជូនប្រតិភូមួយក្រុមទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាលើបញ្ហានេះជាមួយក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិក។
ទោះជាយ៉ាងនេះក្ដី លោកស្រី Choo Mi-ae ជំទាស់យ៉ាងខ្លាំងនឹងគំរោងនេះ ដោយបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរឡើងវិញ គឺជារឿងមិនល្អសម្រាប់ពួកយើង ព្រោះវាដូចជាបង្ហាញដោយប្រយោលថា យើងគ្មានឆន្ទៈដោះស្រាយភាពជាប់គាំងតាមផ្លូវនយោបាយ និងការទូតក្នុងបរិបទជម្លោះស្ដីពីអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀត ការដាក់ ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរទាំងប៉ុន្មាន គឺគ្រាន់តែចង់ឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចា ហើយបំណងពិតរបស់យើង គឺការដោះស្រាយតាមផ្លូវនយោបាយ និងការទូត»។
គួរបញ្ជាក់ថា បើតាមលោកស្រី Choo Mi-ae កូរ៉េខាងត្បូង គួរតែបន្តស្វែងរកដំណោះស្រាយការទូត និងដោយសន្តិវិធីជាមួយកូរ៉េខាងជើង ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតអនុម័តលើទណ្ឌកម្មថី្ម ស្នើឡើងដោយសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ៕