(វ៉ាស៊ីនតោន)៖ អ្នកជំនាញមួយក្រុមមកពីអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា កូរ៉េខាងជើងកំពុងជាប់សង្ស័យថា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស៊ីរី ក្នុងការអភិវឌ្ឍអាវុធគីមី និងមីស៊ីលផ្លោង ដោយរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមអ្នកជំនាញខាងលើមានសមាជិក ០៨នាក់ និងទទួលបន្ទុកឃ្លំាមើលការអនុវត្តន៍ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បានចេញផ្សាយរបាយការណ៍មួយកម្រាស់ ១១១ទំព័រ កាលពីថ្ងៃសៅរ៍ ពោលគឺពីរថ្ងៃមុននឹងក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតអនុម័តលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មី ស្នើឡើងដោយសហរដ្ឋអាមេរិក។
ក្រុមអ្នកជំនាញនេះបានបញ្ជាក់ទៀតថា កូរ៉េខាងជើងកំពុងជាប់សង្ស័យថា បានលួចលាក់ធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលស៊ីរី ផលិតអាវុធគីមី មីស៊ីលផ្លោង ឬអាវុធធម្មតា ក្នុងនោះមានទាំងកម្មវិធីមីស៊ីល Scud, សេវាកម្មថែទាំ និងការជួសជុល ប្រព័ន្ធការពារដែនអាកាស។ ជាងនេះទៅទៀត ពួកគេក៏កំពុងស៊ើបអង្កេតផងដែរថា តើអង្គភាព ឬបុគ្គលកូរ៉េខាងជើងជាប់ក្នុងបញ្ជីខ្មៅកំពុងបន្ត ឬបានដឹកនាំសកម្មភាពនៅក្នុងប្រទេសស៊ីរី ឬក៏យ៉ាងណា។
ក្រុមអ្នកជំនាញទំាងនេះ នៅក្នុងរបាយការណ៍របស់ខ្លួនបានឱ្យដឹងយ៉ាងដូច្នេះថា «រដ្ឋចំនួនពីរជាសមាជិក UN បានហាមឃាត់កប៉ាល់ដឹកទំនិញមួយចំនួន ដែលមានគោលដៅធ្វើដំណើទៅកាន់ប្រទេសស៊ីរី ហើយពួកគេជឿជាក់ថា កប៉ាល់ដឹកនំនិញទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនកូរ៉េខាងជើង KOMID (Korea Mining Development Trading Corp) ជាមួយរដ្ឋាភិបាលស៊ីរី»។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែសីហា កូរ៉េខាងជើង ទំនងជារកបានប្រាក់ចំណូលយ៉ាងហោចណាស់ ២៧០លានដុល្លារ ពីការនាំចេញផលិតផលដែលជាប់បម្រាមរបស់អង្គការសហប្រជាជាតិ៕