(រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ប្រទេសកាតា និងបណ្ដារដ្ឋអារ៉ាប់ទាំងបួនជាភាគីជម្លោះ គួរតែប្រញាប់អង្គុយចរចាគ្នា ដើម្បីព្យាយាមដោះស្រាយជម្លោះការទូតបច្ចុប្បន្ន ហើយការលើកឡើងបែបនេះកើតមាន នៅចំពេលដែលគេមើលឃើញថា ទីក្រុងម៉ូស្គូកំពុងរង់ចំាមើលឱកាស ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីចេតនាចង់ដើរតួជាអ្នកផ្សះផ្សាជម្លោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ លោក Lavrov បានបញ្ជាក់ថា រាល់ភាគីជម្លោះទាំងអស់គួរតែផ្សះផ្សាជម្លោះ និងការខ្វែងគំនិតគ្នា តាមរយៈកិច្ចចរចាដោយសន្តិវិធី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ លើកឡើងយ៉ាងដូច្នេះថា «យើងបានអះអាងរួចហើយពីគោលជំហររបស់យើង ក្នុងការផ្សះផ្សាជម្លោះ តាមរយៈកិច្ចសន្ទនាដោយផ្ទាល់ ក៏ដូចជាបង្ហាញពីការព្រួយបារម្ភ និងការស្វែងរកដំណោះស្រាយ ជាមួយការគិតគូរដល់ក្ដីកង្វល់ ព្រមទាំងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់»។
គួររំលឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា រដ្ឋអារ៉ាប់ទាំងបួនមាន អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និង អេមីរ៉ាតអារ៉ាប់រួម បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតដោយចោទថា ទីក្រុងដូហាគំាទ្រពួកភេរវករ បើទោះជាកាតា បដិសេធជាច្រើនដងក៏ដោយ។ បន្ថែមពីលើនេះ រដ្ឋទាំងបួនបានដាក់សំណើ ១៣ចំណុច ឱ្យកាតាដាច់ខាតត្រូវតែអនុវត្តតាម ក្នុងនោះរួមមាន៖ បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, ផ្ដាច់ការទូតជាមួយអ៊ីរ៉ង់, បណ្ដេញកងទ័ពតួកគីចេញពីប្រទេស និងឈប់គាំទ្រពួភេរវករជាដើម។
ប៉ុន្តែមកទល់ពេលនេះ កាតាមិនទាន់បានទទួលយកសំណើទាំងនេះនៅឡើយទេ ដោយសារយល់ថា វាប៉ះពាល់ដល់អធិបតេយ្យភាពក្នុងនាមជារដ្ឋឯករាជ្យ។ ដោយឡែកកាលពីថ្ងៃអាទិត្យ សារព័ត៌មានអារ៉ាប៊ីសាអូឌីត ក៏បានរាយការណ៍ដែរថា ទីក្រុងរីយ៉ាដ បានសម្រេចិត្តផ្អាកការចរចាជាមួយទីក្រុងដូហា ជាបណ្ដោះអាសន្ន ត្បិតចោទថា កាតាគ្មានបំណងពិតប្រាកដក្នុងការដោះស្រាយជម្លោះ ក្រោយមានកិច្ចសន្ទនាតាមទូរស័ព្ទ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕